(អាមេរិក)៖ ផ្កាយរណបវិទ្យាសាស្រ្តមួយគ្រឿងរបស់ទីភ្នាក់ងារអវកាសណាសា (NASA) ដែលធ្វើដំណើរជុំវិញភពអង្គារ៍ ត្រូវបានបង្ខំឲ្យធ្វើការចល័តដ៏កម្រមួយ ដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅសប្តាហ៍ក្រោយជាមួយព្រះច័ន្ទតូចៗចំនួនពីររបស់ភពមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
អ្នកគ្រប់គ្រងការហោះហើរនៅឯមន្ទីរពិសោធន៍ Jet Prolulsion របស់ NASA ក្នុងទីក្រុង Pasadena នៃរដ្ឋកាលីហ្វរញ៉ា បានបញ្ជាផ្កាយរណប MAVEN ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវទៅលើបរិយាកាសរបស់ភពអង្គារ ឲ្យបញ្ឆេះម៉ាស៊ីនរបស់វានៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីបន្ថែមល្បឿនទៅត្រឹម០.៤ម៉ែត្រក្នុងមូយវិនាទី។ ការបង្កើនល្បឿននេះមានភាពចាំបាច់បំផុត ដើម្បីផ្លាស់ប្តូរគន្លងគោចររបស់ MAVEN ហើយកាច់ចង្កូតផ្កាយរណបនេះឲ្យឃ្លាតផុតពីព្រះច័ន្ទរបស់ Phobos របស់ភពអង្គារ។
ដោយគ្មានការផ្លាស់ប្តូរផ្លូវធ្វើដំណើរនេះ MAVEN និងព្រះច័ន្ទតូច Phobos នឹងឈានដល់ចំណុចដូចគ្នាក្នុងទីអវកាស នៅថ្ងៃទី០៦ ខែមីនា ពោលគឺថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ផ្កាយរណប MAVEN កំពុងស្ថិតនៅលើគន្លងជារាងដូចស៊ុតមួយ ដែលជារឿយៗបានធ្វើដំណើរកាត់ផ្លូវគ្នាជាមួយផ្កាយរណបវិទ្យាសាស្រ្តដទៃៗទៀតរួមទាំង Phobos ផងដែរ ដែលស្ថិតនៅចម្ងាយត្រឹមតែ៩,៦៥៦គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃភពអង្គារ៍ ហើយវាស្ថិតនៅកៀកភពរបស់វាជាជាងព្រះច័ន្ទណាៗផ្សេងទៀតទាំងអស់ ដែលគេបានដឹងនៅក្នុងប្រព័ន្ធអាទិត្យ។ ម៉្យាងវិញទៀតស្ថិតនៅរយៈចម្ងាយនេះ Phobos នឹងអាចវិលជុំវិញភពអង្គារបានបីដងក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថាផ្កាយរណប MAVEN ដែលមានឈ្មោះពេញថា Mars Atmosphere and Volatile Evolution បានធ្វើដំណើរទៅដល់ភពអង្គារកាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមកក្រុមអ្នកគ្រប់គ្រងការហោះហើរ បានធ្វើការឃ្លាំមើលជាប្រចាំចំពោះផ្លូវធ្វើដំណើររបស់វាដើម្បីការពារការប៉ះទង្គិចគ្នាទាំងឡាយ។ ដោយឡែកសកម្មភាពគេចខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ គឺជាលើកទីមួយហើយសម្រាប់ MAVEN ដែលចាំបាច់ត្រូវតែជៀសពីព្រះច័ន្ទ Phobos ដែលប្រវែងមុខកាត់ដល់ទៅ២០គីឡូម៉ែត្រនោះ៕