(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួននឹងធ្វើកិច្ចសហការជាមួយអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ដើម្បីនាំយកឧកិ្រដ្ឋជនប្រើ ប្រាស់សារធាតុពុលគីមី VX វាយប្រហារនៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ មកកាត់ទោសតាមផ្លូវច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា «ម៉ាឡេស៊ីនឹងមិនផលិត ស្ដុកទុក នាំចូល ឬនាំចេញ ឬក៏ប្រើប្រាសអាវុធគីមីពុលជាដាច់ខាត អនុឡោមតាមអនុសញ្ញាហាមឃាត់អាវុធគីមី។ ម៉ាឡេស៊ីថ្កោលយ៉ាងខ្លំាង ចំពោះការប្រើប្រាសសារធាតុគីមីពុល VX ដោយនរណាម្នាក់មិនថានៅទីណា និង ក្រោមស្ថានភាពបែបណាក៏ដោយ ព្រោះថាការប្រើប្រាស់សារធាតុគីមីពុលនេះ គឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់សាធារណជនទូទៅ»។
គួរបញ្ជាក់ថាការលើកឡើងរបស់ក្រសួងការបរទេសម៉ាឡេស៊ី ធ្វើឡើងនៅចំពេលអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើសារធាតុគីមីពុល VX ដែលត្រូវគេប្រើសម្លាប់ លោក គីម ជុងណាំ នៅព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈថា តើវាត្រូវបាននាំចូល ឬក៏ផលិតនៅក្នុងប្រទេសម៉ាឡេស៊ី។ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាង នៅតែអះអាងថា បុរសកូរ៉េខាងជើងដែលគេជឿជាក់ថាជាលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន ស្លាប់ដោយសារគាំងបេះដូង៕