(ដាម៉ាស)៖ បន្ទាប់បានខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ អស់រយៈពេលជាយូរមក ទីបំផុតកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រពីកងទ័ពជើងអាកាសរុស្ស៊ីបានវាយរំដោះយកទីក្រុងបុរាណ Palmyra ដែលត្រូវបានគេចាត់ទុកថាជា «គុជដ៏អស្ចារ្យនៅកណ្តាលវាខ្សាច់» នោះចេញពីកណ្តាប់ដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ដោយជោគជ័យហើយ ទោះបីជានៅមានការប្រយុទ្ធគ្នាបន្តិចបន្តួរនៅជាយក្រុងយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយផ្តាច់មុខដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
សារព័ត៌មានរុស្ស៊ីបានឲ្យដឹងដូច្នេះថា «មានសេចក្តីរាយការណ៍ថាកងកម្លាំងយោធាគាំទ្ររដ្ឋាភិបាលស៊ីរី ដោយទទួលបានការគាំទ្រនៃកងឧទ្ធម្ភាគចក្ររបស់ប្រទេសរុស្ស៊ី បានវាយដណ្តើមកាន់កាប់យកបានទីក្រុង Palmyra ទាំងមូលហើយ។ ម៉្យាងវិញទៀតពួកយើងក៏ដឹងដែរថាជាក់ស្តែងកងទ័ពរដ្ឋាភិបាលកំពុងតែឈរជើងនៅក្នុងទីក្រុងដ៏ចំណាស់នេះ»។ បន្ថែមពីនេះមន្រ្តីជាន់ខ្ពស់ស៊ីរីក៏បានបញ្ជាក់ថែមទៀតថាកងទ័ពរបស់ពួកគេបានវាយបណ្តេញក្រុមសកម្មប្រយុទ្ធចេញពីទីក្រុងបានដោយជោគជ័យ ហើយអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី ក៏បានប្រកាសអំពីការរំដោះទីក្រុង Palmyra ផងដែរ។
គួរបញ្ជាក់ថាយោងតាមភ្នាក់ងារព័ត៌មាន RT ដែលស្ថិតក្នុងទីក្រុង Palmyra ផ្ទាល់ ការប្រយុទ្ធគ្នានៅតែបន្តកើតមានដដែលនៅតាមជាយក្រុងបុរាណនេះ ដោយក្រុមអ្នកប្រយុទ្ធ ISIS រាប់រយនាក់ កំពុងព្យាយាមវាយសម្រុកចូលខ្សែបន្ទាត់ការពាររបស់កងកម្លាំងរដ្ឋាភិបាលវិញ៕