(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានបដិសេធក្នុងការផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមកពីស្ថានីយ៍ទូរទស្សន៍ CNN ពាក់ព័ន្ធនឹងការចោទប្រកាន់ថា អគ្គរដ្ឋរុស្ស៊ីប្រឆាំងសហរដ្ឋអាមេរិកជាទីភ្នាក់ស៊ើបការណ៍សម្ងាត់ ដោយលោកស្រីថែមទំាងបានប្រាប់ចំៗតែម្ដងឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយនេះ បញ្ឈប់ការផ្សាយព័ត៌មានបោកប្រាស់ និងក្លែងក្លាយតទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
អ្នកសារព័ត៌មាន CNN បានរង់ចំា និងតាមជជីកសួរលោកស្រី ហ្សាខារ៉ូវ៉ា នាឱកាសដែលលោកស្រីថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំសប្ដាហ៍ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃ ព្រហស្បតិ៍។ ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានរូបនោះឡើយ ជុំវិញស្ដីរាយការណ៍របស់ CNN ដែលថាមន្ត្រីទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក បានចាត់ទុកអគ្គរដ្ឋទូតរុស្ស៊ីលោក គីស្លីយ៉ាក់ (Kislyak) គឺជាទីភ្នាក់ងារចារកម្មកំពូល និងជាអ្នកជ្រើសរើសភ្នាក់ចារកម្មរុស្ស៊ី។ លោកស្រី ហ្សាខារ៉ូវ៉ា បានលើកឡើងដូច្នេះថា « CNN បានចោទប្រកាន់គាត់ (លោក គីស្លីយ៉ាក់) ជាភ្នាក់ងារចារកម្ម និងជាអ្នកជ្រើសភ្នាក់ងារចារកម្មរុស្ស៊ី ...ឱព្រះអើយ! អ្នកគួរតែបញ្ឈប់ការផ្សាយព័ត៌មានបោកប្រាស និងក្លែងក្លាយបែបនេះតទៅទៀត ...នេះជាយោបល់ដ៏ល្អសម្រាប់ CNN, អរគុណ!»។
គួរបញ្ជាក់ថាកាលពីថ្ងៃពុធកន្លងទៅអគ្គរដ្ឋអាជ្ញាធរអាមេរិក លោក Jeff Sessions ត្រូវបានគេចោទប្រកាន់ថា បានពិភាក្សាជាមួយអគ្គរដ្ឋទូតរុស្ស៊ី លោក គីស្លីយ៉ាក់ កាលលោកនៅមានតួនាទីជាព្រឹទ្ធសមាជិក ហើយដោយសារតែការបែកធ្លាយរឿងនេះដែរ ខាងមន្ត្រីគណបក្សប្រជាធិបតេយ្យបានទាមទារ ឱ្យលោកលាលែងពីតំណែងជាបន្ទាន់៕