(គូឡាឡាំពួរ)៖ ទីបំផុតជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវជាតៃកុងឡាន និងមានការសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ បងប្រុសរបស់លោក គីម ជុងអ៊ុន នោះត្រូវបានអាជ្ញាធរម៉ាឡេស៊ីដោះលែងចេញពីមន្ទីរឃុំឃាំងហើយ ដោយប៉ូលិសកំពុងបញ្ជូនរូបគេទៅកាន់ នាយកដ្ឋានអន្តោប្រវែសន៍ដើម្បីរៀបចំបែបបទនិរទេសទៅកាន់ប្រទេសកូរ៉េខាងវិញ។ នេះបើតាមសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ជនសង្ស័យឈ្មោះ រី ចុងចុល ជាជនជាតិកូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាតលោក គីម ជុងណាំ នោះត្រូវបានអាជ្ញាធរម៉ាឡេស៊ីងះអាងថា នឹងត្រូវធ្វើការដោះលែង ព្រមទាំងនិរទេសចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រ ដោយសារតែមិនអាចរកភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា រូបគេបានរួមផ្សំគំនិតសម្លាប់លោក គីម ជុងណាំ នោះ។
លោក រី ត្រូវបានក្រុមស៊ើបអង្កេតនៃប៉ូលិសសហព័ន្ធម៉ាឡេស៊ីរកឃើញថា ជាអ្នកបើកបររថយន្តឲ្យជនសង្ស័យចំនួន០៤នាក់ ជាជនជាតិកូរ៉េខាងជើងដែលគេសង្ស័យថា ជាអ្នករៀបគំរោងសម្លាប់លោក គីម ជុងណាំ នៅព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ២ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈនោះ។ បច្ចុប្បន្នជនសង្ស័យជាស្ត្រីវៀតណាមម្នាក់ និងឥណ្ឌូណេស៊ីម្នាក់ទៀតកំពុងប្រឈមមុខនឹងទោសប្រហារជីវិត ប្រសិនបើតុលាការរកឃើញថា ពួកគេពិតជាអ្នករួមគំនិតសម្លាប់លោក គីម៕