(ប៉េកាំង)៖ មនុស្សចំនួន១០នាក់បានបាត់បង់ជីវិត រួមជាមួយនិង៣៨នាក់ផ្សេងទៀតបានទទួលរងរបួស នៅពេលដែលរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង បានជ្រុលទៅបុករថយន្តក្រុងមួយគ្រឿងទៀត នាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមការឲ្យដឹងពីអាជ្ញាធរក្នុងតំបន់កើតហេតុនៅព្រឹកថ្ងៃសុក្រនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនាវេលាម៉ោង១១៖៣៣នាទីអាធ្រាត នៅលើមហាវិថីមួយកន្លែងក្នុងតំបន់ Yunxian នៃទីក្រុង Lancang។ នៅពេលនោះរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងមានស្លាកលេខមកពីខេត្ត Sichuan ដែលនៅក្បែរខាង បានរេចង្កូតធ្លាក់ចេញពីផ្លូវបន្ទាប់ពីបានបុកគ្នាជាមួយរថយន្តក្រុងមួយគ្រឿងផ្សេងទៀតដែលមានផ្ទុកមនុស្សសរុបចំនួន៤៧នាក់រួមទាំងអ្នកបើកបរចំនួនពីរនាក់ផងដែរ បន្ទាប់មកឡានក្រុងនេះបានក្រឡាប់នៅលើផ្លូវ។
គួរបញ្ជាក់ថាមនុស្សចំនួន០៩នាក់ត្រូវគេអះអាងថា បានបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង រីឯក្រោយមកម្នាក់ទៀតបានស្លាប់នៅឯមន្ទីរពេទ្យ។ ព្រមពេលជាមួយគ្នាអាជ្ញាធរក៏បានបើកការស៊ើបអង្កេតទៅលើហេតុការណ៍នេះ ខណៈអ្នកដែលរងរបួសត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល៕