(វ៉ាស៊ីនតោន)៖ សភាព្រឹទ្ធសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តទទួលស្គាល់លោក Rick Perry ដែលត្រូវបានជ្រើសរើសដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្វើជារដ្ឋមន្រ្តីក្រសួងថាមពលជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
លោក Rick Perry ធ្លាប់បានសន្យាថា នៅពេលដែលលោកឡើងដឹកនាំក្រសួងខាងលើជាផ្លូវការ ការយកចិត្តទុកដាក់សំខាន់ភាគច្រើននឹងផ្តោតទៅលើ «ការស្តារសមត្ថភាពអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកឡើងវិញ» ពីព្រោះថាលោក ដូណាល់ ត្រាំ មានបំណងចង់ធានាឲ្យបានថាអាវុធនុយក្លេអ៊ែររបស់ប្រទេសលោកមានអនុភាពជាងប្រទេសណាណាទាំងអស់នៅលើពិភពលោក ហើយលោក ត្រាំ បាននិយាយដែរថាសហរដ្ឋអាមេរិកហាក់ដូចជាបានធ្លាក់ចុះនូវសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថាលោក Perry ស្ថិតក្នុងវ័យ៦៦ឆ្នាំដែលបានបំពេញតួនាទីជាអភិបាលនៃរដ្ឋតិចសាស់ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៥ ត្រូវបានព្រឹទ្ធសភាអាមេរិកធ្វើការបោះឆ្នោតគាំទ្រក្នុងសំឡេង៦២ ទល់នឹង៣៧សំឡេង៕