(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបាន និងកំពុងបន្តប្រើប្រាស់ក៏ដូចជា អភិវឌ្ឍន៍សម្ភារៈដ៏ទំនើបៗដើម្បីធ្វើការតាមដានឃ្លាំមើលតាមបែបបច្ចេកវិទ្យា ទៅលើប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងនិយមប្រើប្រាស់ឧបករណ៍ចល័តរួមមានទូរស័ព្ទដៃជាដើម ដើម្បីធ្វើការទាក់ទងគ្នាទៅវិញទៅមក។ នេះបើតាមរបាយការណ៍មួយឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅយប់ព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
របាយការណ៍មួយដែលមានឈ្មោះថា Compromising Connectivity បានឲ្យដឹងថា កូរ៉េខាងជើងបានអនុញ្ញាតឲ្យមានកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទដៃ និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេស ជាថ្នូរសម្រាប់ព័ត៌មានលម្អិតដែលបណ្តាញទំនាក់ទំនងទាំងនោះផ្តល់ឲ្យនៅក្នុងការតាមដានប្រជាជនកូរ៉េខាងជើងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
លោក Nat Kretchun ដែលជាអ្នករៀបរៀងបាយការណ៍ខាងលើ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «តាមរយៈការផ្តល់ឲ្យប្រជាជននូវបច្ចេកវិទ្យានៃបណ្តាញទាក់ទងថ្មីៗដូចជា ទូរស័ព្ទចល័តនិងថេប្លេត (Tablet) ជាដើមនោះ រដ្ឋាភិបាលកូរ៉េខាងជើងអាចធ្វើការតាមដាន ក៏ដូចជាឃ្លាំមើលពីចម្ងាយបានចំពោះអ្វីៗគ្រប់បែបយ៉ាងដែលពលរដ្ឋរបស់ ខ្លួនកំពុងធ្វើនៅលើឧបករណ៍របស់ពួកគេ»។ លោក Kretchun បានបន្ថែមដូច្នេះទៀតថា «អាជ្ញាធរនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង បានរកឃើញមធ្យោបាយដ៏ប៉ិនប្រសប់ ដើម្បីប្រែក្លាយបច្ចេកវិទ្យាថ្មីៗទាំងនេះប្រឆាំងនឹងប្រជាជនកូរ៉េខាងជើងដែលកំពុងប្រើប្រាស់ពួកវា»។
ការទទួលបានទិន្នន័យក៏ដូចជា ព័ត៌មានពីពិភពខាងក្រៅត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងប្រទេសកុម្មុនិស្តមួយនេះ។ តួយ៉ាងកម្មវិធីទូរទស្សន៍របស់កូរ៉េខាងត្បូង និងភាពយន្តហូលីវូដនានាជារឿយៗត្រូវបានចែករំលែកនៅក្នុងទម្រង់ជាបណ្តាញសង្គមពិតប្រាកដជាក់ស្តែង គឺការផ្លាស់ប្តូរឯកសារ (Files) តាមរយៈប្រព័ន្ធប៊ូធូ (Bluetooths) ឬមួយក៏ USB Flash តូចៗដែលងាយស្រួលក្នុងការលាក់បាំង។ ដូច្នេះដើម្បីទប់ស្កាត់ការប្រើប្រាស់បែបនេះ កូរ៉េខាងជើងបានចាត់វិធានការដាក់ចេញនូវការអាប់ដេតកម្មវិធីជាចាំបាច់ ចំពោះរាល់ឧបករណ៍ចល័តទាំងឡាយ ដែលស្ថិតនៅលើបណ្តាញទំនាក់ទំនងរបស់ខ្លួន ហើយវានឹងធ្វើការស្វែងរកនិងលុបចោលនូវ File មិនស្របច្បាប់នានាដែលមកពីខាងក្រៅ។
ម៉្យាងវិញទៀតប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រមានឈ្មោះថា Red Star ដែលត្រូវបានបង្កើតឡើងដោយកូរ៉េខាងជើងផ្ទាល់ អាចធ្វើការស្កែនអក្សរនានា នៅលើឯកសារដើម្បីស្វែងរកពាក្យឬឃ្លាណាមួយ ដែលត្រូវបានចាត់ទុកថា អាចជះការគំរាមកំហែងដល់របបដឹកនាំទីក្រុងព្យុងយ៉ាង ហើយធ្វើការលុបចោលភ្លាមៗ។
គួរបញ្ជាក់ថា យុទ្ធសាស្រ្តនៃការតាមដាន និងឃ្លាំមើលប្រជាជនរបស់រដ្ឋាភិបាលកូរ៉េខាងជើង បាននិងកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ចាប់តាំងតែពីការកើតមានឡើងនៃអំពើឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី៕