(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence ធ្លាប់បានប្រើប្រាស់សារអេឡិចត្រូនិច ឬEmail ឯកជនជាទៀងទាត់ដើម្បីដឹកនាំកិច្ចការរដ្ឋ និងពិភាក្សាលើប្រធានាបទដ៏រសើបជាច្រើនពាក់ព័ន្ធនឹងបញ្ហាសន្តិសុខមាតុភូមិ នៅអំឡុងពេលលោកកាន់តំណែងជាអភិបាលរដ្ឋ Indiana។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USTODAY នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
យោងតាម US TODAY Email របស់លោក Pence ត្រូវបានផ្ញើទៅកាន់សារព័ត៌មាន The Indianapolis Star ដែលបង្ហាញថាលោកបានទំនាក់ទំនងជាមួយទីប្រឹក្សារបស់លោក ដោយប្រើប្រាស់ Email ឯកជន ពិភាក្សាគ្នាលើប្រធានាបទសន្តិសុខនៅឯលំនៅដ្ឋានអភិបាលរដ្ឋរបស់លោក ព្រមទំាងបញ្ហាធំៗ ជាច្រើនទៀត ដូចជាការវាយប្រហារភេរវកម្មនៅទូទំាងពិភពលោកជាដើម។ ជាងនេះទៅទៀតនៅក្នុង Email មួយ ទីប្រឹក្សាអនុប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជូនបន្តផងដែរនូវការធ្វើបច្ចុប្បន្នភាពរបស់ FBI តាមរយៈ Email ឯកជនស្ដីពីការឃាត់ខ្លួនមនុស្សជាច្រើន ក្រោមបទចោទប្រកាន់ថាមានជាប់ទាក់ទិននឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថាបើតាមក្រុមអ្នកជំនាញព័ត៌មានវិទ្យា ការប្រើប្រាស់ Email ឯកជនដោយលោក Mike Pence បានបង្កជាក្ដីព្រួយបារម្ភដ៏ធំ ត្បិតនៅពេលនេះគេគ្រប់គ្នាចង់ដឹងថាតើព័ត៌មានសំខាន់ៗត្រូវបានការពារពីក្រុម Hacker ដែរឬទេ ខណៈEmail ឯកជនទូទៅដូចជារបស់លោក Pence មិនមានសុវត្ថិភាពដូចជា Email រដ្ឋាភិបាលនោះឡើយ។ ម្យ៉ាងវិញទៀតកាលពីរដូវក្ដៅឆ្នាំមុន Email ឯកជនរបស់លោក Pence ត្រូវបានគេ Hack ម្ដងរួចមកហើយ៕