(អូតាវ៉ា)៖ កងយន្តហោះចម្បាំងនៃយោធាជើងអាកាសរបស់ប្រទេសកាណាដា ប្រហែលជាត្រូវបង្ខំចិត្តឲ្យធ្វើការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរទាំងឡាយណាត្រូវបានចោរប្លន់ នៅក្នុងករណីដ៏ចាំបាច់ជាទីបំផុតដើម្បីទប់ស្កាត់ ការវាយប្រហារដោយភេរវកម្មដូចនៅសហរដ្ឋអាមេរិកកាល១៦ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកាណាដា CBC News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើឯកសារសម្ងាត់មួយចំនួនដែលបានបែកធ្លាយ។
យោងតាមតាមសារព័ត៌មានដដែលខាងលើ ឯកសារទាំងប៉ុន្មាននោះមានផ្ទុកនូវគំរោងលម្អិតស្តីអំពីមធ្យោបាយដើម្បីការពារអគារ CN Tower ដ៏ល្បីល្បាញនៅក្នុងទីក្រុង Toronto នៃប្រទេសកាណាដា និងរបៀបសម្រេចចិត្តរបស់អាជ្ញាធរចំពោះការបាញ់ទម្លាក់យន្តហោះនានារួមមានទាំងយន្តហោះដឹកអ្នកដំណើរផងដែរ ដែលត្រូវបានក្រុមភេរវករគ្រប់គ្រងកាន់កាប់ ហើយឯកសារដែលបានបែកធ្លាយទាំងនោះក៏មានរៀបរាប់លម្អិតអំពីចំនួនយន្តហោះចម្បាំង ដែលត្រូវចូលរួមក្នុងប្រតិបត្តិការនេះ ព្រមទាំងទីតាំងនានាថែមទៀតផង។ ដោយឡែកឯកសារដែល CBC News ទទួលបាននេះត្រូវបានបង្ហាញជូនមេទ័ពកាណាដាគឺលោកឧត្តមសេនីយ៍ Jonathan Vance កាលពីឆ្នាំ២០១៥កន្លងទៅនេះ។
សូមជំរាបថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ មហាភេរវកម្មដ៏កក្រើកពិភពលោកមួយបានកើតឡើង នៅពេលដែលក្រុមភេរវករស្ម័គ្រស្លាប់របស់ក្រុម អាល់កៃដា បានប្លន់យន្តហោះដឹកអ្នកដំណើរបួនគ្រឿងនៅសហរដ្ឋអាមេរិក ដោយបានបញ្ជា២គ្រឿងឲ្យទៅបុកកម្ទេចអគារពាណិជ្ជកម្មភ្លោះ World Trade Center ដ៏ល្បីល្បាញនៅក្នុងទីក្រុងញូយ៉ក មួយគ្រឿងទៅបុកមន្ទីរបញ្ចកោណ និងយន្តហោះទីបួនត្រូវបានបញ្ចូនសំដៅឆ្ពោះទៅ កាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលគេសន្មត់ថា ក្នុងគោលបំណងវាយប្រហារលើសេតវិមាន ឬមួយក៏វិមានកាពីតូល (Capitol Hill) ហើយមានតែយន្តហោះទីបួននេះប៉ុណ្ណោះដែលបានទទួលបរាជ័យ៕