(គូឡាឡាំពួរ)៖ មន្ត្រីទូតមួយរូបរបស់កូរ៉េខាងជើងប្រចាំនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី បានចេញមុខអះអាងជាថ្មីទៀត ដោយគាំទ្រអ្វីដែលរដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់លើកឡើងតាំងពីដើមរៀងមកថា បុរសដែលគេជឿជាក់ថាជាលោក គីម ជុងណាំ បងប្រុសមេដឹកនាំលោក គីម ជុងអ៊ុន នោះមិនមែនស្លាប់ដោយសារសារធាតុគីមី VX អ្វីនោះឡើយ ប៉ុន្តែលោកស្លាប់ដោយរោគ «គាំងបេះដូង» នៅក្នុងព្រលានយន្តហោះម៉ាឡេស៊ី ដែលគ្រូពេទ្យម៉ាឡេស៊ីមិនអាចសង្គ្រោះទាន់ពេលវេលាកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
លោក Ri Tong Il អ្នកតំណាងរដ្ឋាភិបាលកូរ៉េខាងជើង ដែលបានធ្វើដំណើរមកដល់ស្ថានទូតប្រចាំនៅគូឡាឡាំពួរបានបញ្ជាក់យ៉ាងដូច្នេះថា «បុរសឈ្មោះ គីម ចុល (គីម ជុងណាំ) ដែលកាន់លិខិតឆ្លងដែនកូរ៉េខាងជើងនោះ មានប្រវត្តិកើតជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់ ហើយវាប្រាកដណាស់ថា គីម ចុល បានស្លាប់ដោយរោគគាំងបេះដូង មិនមែនដោយសារធាតុពុល VX ដូចសមត្ថកិច្ចជំនាញម៉ាឡេស៊ីអះអាងនោះឡើយ»។ លោក Ri គឺជាមន្ត្រីជំនាញកូរ៉េខាងជើង និងធ្លាប់ជាអតីតអនុទូតរបស់ទីក្រុងព្យុងយ៉ាងប្រចាំនៅអង្គការសហប្រជាជាតិ៕