(សេអ៊ូល)៖ កងទ័ពកូរ៉េខាងជើង០៦នាក់បានឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីចិន ខណៈក្រុមអាជ្ញាធរចិន កំពុងធ្វើប្រតិបត្តិការតាមរកទីតំាងដែលពួកគេស្ថិតនៅ ហើយសម្រាប់រឿងបែបនេះ មិនមែនទើបតែកើតឡើងជាលើកទី១នោះទេ ត្បិតកងទ័ពកូរ៉េខាងជើងមួយចំនួន ធ្លាប់បានប្រព្រឹត្តអំពើឆក់ប្លន់ក្នុងទឹកដីចិនទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពដែលយ៉ុនហាប់ទទួលបាន កងទ័ពកូរ៉េខាងជើងទាំង០៦នាក់ខាងលើ បានចាកចេញពីប៉ុស្ដិ៍ត្រួតពិនិត្យរបស់ពួកគេ នៅក្បែរតំបន់ព្រំដែនកូរ៉េខាងជើង និងចិនហើយបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលមកកាន់តំបន់ Changbai នៃ ខេត្ត Jilin ប្រទេសចិន កាលពីថ្ងៃអង្គារកន្លងទៅ។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរចិនបានព្រមានឱ្យប្រជាជននៅក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាត្រូវរាយការណ៍ជាបន្ទាន់ បើសិនជាបានឃើញជនសង្ស័យទំាងនេះ។
គួររំលឹកថាកាលពីខែកក្កដា ឆ្នាំ២០១៦ កងទ័ពកូរ៉េខាងជើង០៥នាក់បានចូលប្លន់ផ្ទះអ្នកភូមិនៅក្នុងតំបន់ Changbai។ ចំណែកឯកាលពីខែធ្នូ ឆ្នាំ២០១៤ កងទ័ពកូរ៉េខាងជើងម្នាក់បានសម្លាប់ជនជាតិចិន០៤នាក់ នៅក្នុងអំពើប្លន់មួយនៅឯតំបន់ព្រំដែនចិននៃទីក្រុង Helong។ ជាងនេះទៅទៀតនៅក្នុងឆ្នាំដដែលជនជាតិ កូរ៉េខាងជើងម្នាក់ផ្សេងទៀត ក៏បានសម្លាប់ប្ដីប្រពន្ធចិន០២នាក់ផងដែរ នៅតំបន់ Yangji និងបានប្លន់យកប្រាក់ពីជនរងគ្រោះអស់២.៩០០ដុល្លារអាមេរិក មុននឹងត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលព្យាយាមរត់ទៅកាន់ទីក្រុងប៉េកាំង៕