(តូក្យូ)៖ លោក ស៊ីនហ្សូ អាបេ នឹងទទួលបានឱកាសប្រែក្លាយរូបលោកទៅជានាយករដ្ឋមន្រ្តីដែលដឹកនាំប្រទេសជប៉ុនយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីគណបក្សរបស់លោកផ្លាស់ប្តូរបទបញ្ញតិមួយដែលអនុញ្ញាតឲ្យលោក អាបេ បន្តកាន់អំណាចបានមួយអាណត្តិទៀត ពោលគឺបីអាណត្តិជាប់គ្នាតែម្តងដោយមួយអាណត្តិមានរយៈពេលបីឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
គណបក្សប្រជាធិបតេយ្យសេរី (LDP) គ្រោងនឹងធ្វើការសម្រេចជាផ្លូវការនៅថ្ងៃអាទិត្យនេះ ចំពោះការផ្លាស់ប្តូរបទបញ្ញតិមួយ ដែលអនុញ្ញាតឲ្យប្រធានបក្សកាន់អំណាចបានបីអាណត្តិជាប់ៗគ្នាដែលប្រការនេះកំពុងត្រួសត្រាយផ្លូវជូនលោក អាបេ ក្នុងការកាន់តំណែងបន្តទៀត នៅក្រោយពេលដែលអាណត្តិបច្ចុបន្នរបស់លោកក្នុងនាមជាមេបក្ស LDP ត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៨។ ម៉្យាងវិញទៀតបើសិនជាគណបក្ស LDP នៅតែរក្សាអំណាចបានដដែលនោះ លោក ស៊ីនហ្សូ អាបេ ទំនងជានឹងនៅតែជានាយករដ្ឋមន្រ្តីជប៉ុនដដែល។
គួរបញ្ជាក់ថាទោះបីបែបនេះក្តីមិនមែនមានន័យថា បន្ទាប់ពីអាចបន្ថែមអាណត្តិទៅលើតំណែងជាប្រធានបក្ស LDP ហើយលោក អាបេ នឹងនៅបន្តធ្វើជានាយករដ្ឋមន្រ្តីជប៉ុនដោយស្វ័យប្រវត្តិនោះឡើយ៕