BREAKING NEWS: ជនសង្ស័យក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ «នឹងត្រូវដោះលែង ហើយបណ្តេញចេញពីម៉ាឡេស៊ី!»
02-03-2017 12:20
(គូឡាឡាំពួ)៖ ជនសង្ស័យឈ្មោះ រី ចុងចុល ជាជនជាតិកូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាតលោក គីម ជុងណាំ នោះនឹងត្រូវធ្វើការដោះលែង ព្រមទាំងនិរទេសចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រ ស្អែកនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia តាមរយៈការអះអាងរបស់អគ្គមេបញ្ជាការប៉ូលិសម៉ាឡេស៊ីលោក Mohamed Apandi Ali នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
លោក រី នឹងត្រូវបញ្ជូនទៅដល់ដៃអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៅតាមសេចក្តីសម្រេច។ លោក រី ត្រូវបានក្រុមស៊ើបអង្កេតនៃប៉ូលិសម៉ាឡេស៊ីរកឃើញថា ជាអ្នកបើកបររថយន្តឲ្យជនសង្ស័យចំនួន០៤នាក់ ជាជនជាតិកូរ៉េខាងជើងដែលគេសង្ស័យថា ជាអ្នករៀបគំរោងសម្លាប់លោក គីម ជុងណាំ នៅព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ២ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈនោះ។ ដោយឡែកមិនទាន់មានព័ត៌មានបញ្ជាក់ថានឹងបណ្តេញទៅកាន់ប្រទេសណានោះទេ៕