(គូឡាឡាំពួ)៖ ម៉ាឡេស៊ីនឹងលុបចោលការលើកលែងទិដ្ឋាការចូលក្នុងប្រទេសរបស់ខ្លួន ចំពោះប្រជាជន ឬពលរដ្ឋមកពីប្រទេសកូរ៉េខាងជើង ដោយអាចនឹងត្រូវចាប់ផ្ដើមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅ។ នេះបើតាមសាររព័ត៌មានម៉ាឡេស៊ី Bernama ផ្អែកលើការបញ្ជាក់ពីឧបនាយករដ្ឋមន្រ្តី លោក Ahmad Zahid Hamidi ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា ការសម្រេចចិត្តបែបនេះធ្វើឡើងបន្ទាប់ពីបុរសកូរ៉េខាងជើងម្នាក់កាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល ដែលគេជឿជាក់ថាលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន ត្រូវបានឃាតករស្រីពីរនាក់សម្លាប់ នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។
គួរបញ្ជាក់ថាដោយសារតែអំពើឃាតកម្មលើលោក គីម ជុងណាំ ទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីប្រែជាអាក្រក់ខ្លាំង ដោយខាងទីក្រុងព្យុងយ៉ាងចោទប្រកាន់ថា ម៉ាឡេស៊ី បានផ្សំគំនិតជាមួយទីក្រុងសេអ៊ូលប្រឆាំងនឹងខ្លួន ព្រមទំាងពន្យាពេលប្រគល់សាកសព ក៏ប៉ុន្តែម៉ាឡេស៊ីបានច្រានចោលការចោទប្រកាន់ទាំងនេះ ខណៈដែលខ្លួនកំពុងបន្តការស៊ើបអង្កេតនៅឡើយ៕