(សេអ៊ូល)៖ បណ្តាប្រជាជាតិជាសមាជិកអង្គការសហប្រជាជាតិចំនួន១១ប្រទេស បានប្រគល់របាយការណ៍របស់ពួកគេរៀងៗខ្លួន ស្តីពីការអនុវត្តន៍នៃសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់ UN ប្រឆាំងនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីឆ្នាំមុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ២៣២១ ដែលបានដាក់ទណ្ឌកម្មប្រឆាំងទៅលើការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរកាលពីខែកញ្ញាឆ្នាំមុននេះ ដោយបានកំណត់គោលដៅចម្បងទៅលើការនាំចេញធ្យូងថ្ម របស់ប្រទេសកូរ៉េខាងជើង ដោយសារតែវាគឺជាធនធានសម្រាប់នាំចេញដ៏ធំបំផុត និងតែមួយគត់របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងហើយជាប្រភពនៃរូបិយប័ណ្ណរឹងដើម្បីផ្គត់ផ្គង់របបដឹកនាំ ព្រមទាំងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រជាជាតិដែលជាសមាជិករបស់ UN តម្រូវឲ្យធ្វើការប្រគល់របាយការណ៍ស្តីពីការអនុវត្តន៍រៀងៗខ្លួនទៅកាន់ ក្រុមប្រឹក្សាសន្តិសុខនៅក្នុងរយៈពេលចំនួន៩០ថ្ងៃ បន្ទាប់ពីសេចក្តីសម្រេចចុងក្រោយថ្មីបំផុតត្រូវបានអនុម័ត ហើយពេលផុតកំណត់នោះគឺថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះសម្រាប់សេចក្តីសម្រេច២៣២១។
គួរបញ្ជាក់ថាយោងតាមមន្រ្តីមួយរូបនៃក្រុមអ្នកតំណាងរបស់អ៊ីតាលីប្រចាំនៅអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខសមាជិកសរុបចំនួន១១ប្រទេស បានធ្វើការប្រគល់របាយការណ៍របស់ពួកគេគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ហើយប្រទេសទាំងនោះរួមមាន ម៉ូណាកូ, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, ជប៉ុន, រុស្ស៊ី, នូវែលសេឡង់, អ៊ីតាលី, អ៊ុយរ៉ាហ្គាយ, អ៊ុយក្រែន, អារ៉ាប៊ី សាអូឌីត, និងចក្រភពអង់គ្លេស។ ដោយឡែកក្រុមប្រឹក្សាសន្តិសុខ UN ត្រូវគេរាយការណ៍ថា នៅតែទទួលបានរបាយការណ៍នេះជាបន្តបន្ទាប់ ទោះបីជានៅក្រោយពេលវេលាកំណត់យ៉ាងណាក្តី៕