(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា នឹងចាត់វិធានការយោធាឥតត្រាប្រណី ប្រឆាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកំពុងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដោយមានការចូលរួមពីអាវុធយុទ្ធសាស្ត្រទំនើបៗជាច្រើន ក្នុងនោះរួមមានទំាងយន្ដហោះចម្បាំងធុន F-35B ដ៏មានអានុភាពទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលមានចំណងជើងថា «យើងនឹងកម្ទេចសត្រូវរបស់យើងដោយអាវុធនុយក្លេអ៊ែរដ៏យុត្តិធម៌» អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានលើកឡើងថា «ស្របពេលដែលចក្រពត្តិអាមេរិក និងអាយ៉ងកូរ៉េខាងត្បូង កំពុងលេងល្បែងសង្រ្គាមឈ្លានពានភាគខាងជើង យើងនឹងធ្វើការឆ្លើយតប ដោយកម្លំាងយោធាគ្មានត្រាប្រណី ដូចដែលយើងបានសន្យា»។ ទោះជាយ៉ាងណានេះមិនមែនជាលើកទីមួយនោះទេ ដែលទីក្រុងព្យុងយ៉ាងព្រមានប្រើប្រាស់កម្លាំងយោធា វាយប្រហារលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពោលគឺវាអាចគ្រាន់តែជាការព្រមានគ្មានសកម្មភាពដូចរាល់ដងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Foal Eagle បានចាប់ផ្ដើមកាលពីថ្ងៃពុធ ដោយនឹងត្រូវចំណាយពេលដល់ជាងពីរខែ ជាមួយនឹងការចល័តនាវាដឹកយន្ដហោះ USS Carl Vinson ចម្បាំងអាមេរិកធុន F-35B និងអាវុធយុទ្ធសាស្ត្រជាច្រើនទៀតនៃប្រទេសទំាងពីរ៕