(ម៉ូស្គូ)៖ កងទ័ពជើងអាកាសរបស់ប្រទេសរុស្ស៊ី ក៏ដូចជារបស់រដ្ឋាភិបាលស៊ីរីមិនបានធ្វើការវាយប្រហារតាមផ្លូវអាកាសដោយទម្លាក់គ្រាប់បែកទៅលើទីតាំងឈរជើងរបស់ក្រុមអ្នកប្រយុទ្ធចម្រុះស៊ីរី-អារ៉ាប់ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននោះឡើយ ដែលនេះគឺជាការអះអាងបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី ដោយបានច្រានចោលការចោទប្រកាន់របស់ មេបញ្ជាការយោធាមួយរូបរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
កម្លាំងយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីបានទទួលការទាក់ទងពីសមភាគីអាមេរិក ដែលបានបង្ហាញពីក្តីព្រួយបារម្ភថា យន្តហោះចម្បាំងរបស់រុស្ស៊ីក៏ដូចជាស៊ីរី អាចបានបើកការវាយប្រហារតាមផ្លូវអាកាសដោយអចេតនាមួយទៅលើទីតាំងរបស់ក្រុមអ្នកប្រយុទ្ធគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន នៅអំឡុងប្រតិបត្តិការប្រឆាំងក្រុមភេរវករ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ដើម្បីជៀសវាងហេតុការណ៍នានា អ្នកតំណាងសហរដ្ឋអាមេរិកធ្លាប់បានផ្តល់ទិន្នន័យច្បាស់លាស់ នៃទីតាំងរបស់កងកម្លាំងឧទ្ទាមគាំទ្រដោយអាមេរិកនៅក្នុងតំបន់មកកាន់មន្រ្តីរុស្ស៊ី»។ ក្រសួងដដែលបានឲ្យដឹងទៀតថា «ពុំមានការវាយប្រហារណាមួយទៅលើតំបន់ដែលលើកឡើងដោយភាគីអាមេរិក ត្រូវបានធ្វើឡើងដោយកងទ័ពជើងអាកាសរុស្ស៊ី ឬមួយក៏ស៊ីរីឡើយ»។
នៅមុនការអះអាងបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី មេបញ្ជាការយោធាអាមេរិកមួយរូប បានធ្វើការចោទប្រកាន់ថា កងយន្តហោះចម្បាំងរុស្ស៊ីនិងស៊ីរីបានទម្លាក់គ្រាប់បែកទៅលើក្រុមអ្នកប្រយុទ្ធគាំទ្រដោយអាមេរិកនៅស៊ីរី ហើយហេតុការណ៍នោះបានកើតឡើងដោយសារមានការភ័ន្តច្រឡំថាគោលដៅទាំងនោះស្ថិតក្រោមការកាន់កាប់របស់ក្រុម ISIS។
គួរបញ្ជាក់ថាបណ្តាញទំនាក់ទំនងរវាងកងទ័ពរុស្ស៊ី និងអាមេរិកនៅក្នុងប្រទេសស៊ីរី ត្រូវបានធ្វើឡើងកាលពីប៉ុន្មានខែមុនមកម្ល៉េះ ដោយយោធានៃប្រទេសទាំងពីរបានព្រមព្រៀងធ្វើការទាក់ទងគ្នាទៅវិញទៅមក ដើម្បីជៀសវាងហេតុការណ៍ផ្សេងៗនៅលើដែនអាកាសដ៏មមាញឹករបស់ស៊ីរី៕