(កាប៊ុល)៖ បណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS មួយដែលមានមូលដ្ឋាននៅក្បែរព្រំប្រទល់អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន កំពុងតែពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀត ក៏ដូចជាធ្វើការប្រមែប្រមូលអ្នកប្រយុទ្ធបន្ថែម និងពង្រីកដែននៃការវាយប្រហារកាន់តែរីករាលដាលឡើងនៅក្នុងតំបន់ថែមទៀតផង ដែលប្រការនេះអាចនឹងបង្កជាបញ្ហាប្រឈមថ្មីមួយទៀតដល់លោក ដូណាល់ ត្រាំ ខណៈប្រធានាធិបតីអាមេរិករូបនេះ កំពុងតែពិចារណាថា តើគួរទុកកងទ័ពអាមេរិកចំនួនប៉ុន្មាននាក់ ឲ្យនៅបន្តឈរជើងនៅអាហ្វហ្គានីស្ថាន ដែលមានក្រុមឧទ្ទាមតាលីបង់នៅតែជាការគំរាមកំហែងផ្នែកសន្តិសុខលើប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
សមាជិកមួយចំនួនធំនៃក្រុមរដ្ឋអ៊ីស្លាមនៅតំបន់ Khorasan Province គឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារនាពេលថ្មីៗនេះ ទៅលើព្រះវិហារមួយកន្លែងនៅប៉ាគីស្ថានដែលបានសម្លាប់មនុស្សដល់ទៅចំនួន៩០នាក់ ហើយខ្មាន់កាំភ្លើងរបស់ក្រុម ISIS ក៏ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ភ្នាក់ងារផ្តល់ជំនួយចំនួន០៦នាក់ផងដែរ នៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន ដែលស្ថិតនៅឆ្ងាយពីបន្ទាយរបស់ពួកគេនៅភាគខាងកើតអាហ្វហ្គានីស្ថាន។
ប្រធានាធិបតិអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានសច្ចាថានឹងកម្ចាត់ទាំងស្រុងនូវក្រុមរដ្ឋអ៊ីស្លាមដែលមានមូលដ្ឋាននៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែលោកពុំសូវជាបានលើកឡើងអំពីបញ្ហានេះនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានកងកម្លាំងអាមេរិកឈរជើងអស់រយៈពេល១៥ឆ្នាំមកហើយនោះឡើយ។ ដោយឡែកនៅពេលនេះលោក ត្រាំ មិនត្រឹមតែត្រូវពិចារណាលើបញ្ហានៃក្រុមឧទ្ទាមតាលីបង់ប៉ុណ្ណោះទេ លោកថែមទាំងត្រូវដោះស្រាយបញ្ហារបស់ក្រុមសកម្មប្រយុទ្ធ ISIS ទៀតផង ទោះបីជាមន្រ្តីយោធាសហរដ្ឋអាមេរិកមិនសូវជាមានការភ័យព្រួយបារម្ភខ្លាំងអំពីវត្តមានរបស់ ISIS នៅអាហ្វហ្គានីស្ថានដូចទៅនឹងមន្រ្តីនៃប្រទេសនេះផ្ទាល់យ៉ាងណាក្តី។
គួរបញ្ជាក់ថាយោងតាមមន្រ្តីអ្នកនាំពាក្យការិយាល័យរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន ក្រុមរដ្ឋអ៊ីស្លាម ISIS មិនមែនត្រឹមតែជាការគំរាមកំហែងមួយសម្រាប់អាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ក៏ដូចជាពិភពលោកទាំងមូល៕