(ព្រុចសែល)៖ គំនិតចង់បង្កើតកងទ័ពអឺរ៉ុបរួមគួរតែក្លាយជាការពិត ដែលអាចឲ្យអឺរ៉ុបការពារសន្តិសុខរបស់ខ្លួនបានយ៉ាងរឹងមាំ និងប្រសិទ្ធភាព។ នេះបើតាមប្រធានគណកម្មការអឺរ៉ុប លោក ហ្សង់ក្លូដ ហ្សាំងឃើ (Jean-Claude Juncker) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក ហ្សាំងឃឺ ធ្វើឡើងនៅចំពោះមុខសមាជិកសភាអឺរ៉ុប និងនៅចំពេលនៃភាពស្រពិចស្រពិលនៃនយោបាយការបរទេសរបស់ លោក ដូណាល់ ត្រាំ ជាពិសេសនោះគឺទំនាក់ទំនងរវាងលោក និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន តែម្ដងដែលកំពុងធ្វើឱ្យអឺរ៉ុបព្រួយបារម្ភ។ លោក ហ្សំាងឃឺ បានលើកឡើងដូច្នេះថា «គំនិតចង់បង្កើតកងទ័ពអឺរ៉ុបគួរតែក្លាយជាការពិត ខណៈស្ថានភាពសន្តិសុខបច្ចុប្បន្ន បង្ខំឱ្យសមាជិកសហភាពអឺរ៉ុបចាប់ ផ្ដើមបង្កើនកញ្ចប់ថវិកាយោធារៀងៗខ្លួន។ ក៏ប៉ុន្តែគេមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុសម្រាប់ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រទេសនោះទេ»។
គួរបញ្ជាក់ថាគំនិតចង់បង្កើតកងទ័ពអឺរ៉ុប កើតមានឡើងតាំងតែពីឆ្នាំ១៩៥០មកម្លេះ ដោយនៅកាលណោះ នាយករដ្ឋមន្ត្រីបារាំង លោក រឺណេ ប្លេវ៉ង់ (Rene Pleven) បានស្នើបង្កើតសហគមន៍កងទ័ពអឺរ៉ុបមួយ មានសមាជិកដូចជា ប៊ែលហ្សិក បារាំង អ៊ីតាលី លុចហ្សំបួ ហូឡង់ និងអាល្លឺម៉ង់ខាងលិច។ សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥២ ក៏ប៉ុន្តែដោយសារតែសភាបារំាងមិនព្រមផ្ដល់សច្ចាប័ន ទើបគំនិតចង់បង្កើតទ័ពអឺរ៉ុបត្រូវលាយទៅវិញ ហើយរហូតមកដល់បច្ចុប្បន្នទើបគំនិតនេះត្រូវគេសើរើជាថ្មីម្ដងទៀត ក្រោយពេលលោក ដូណាល់ ត្រាំ បានបង្ហាញទំនោរងាកទៅរករុស្ស៊ី៕