(ដាម៉ាស)៖ ប្រភពពីមន្ត្រីយោធាស៊ីរី ដែលសារព័ត៌មានរុស្ស៊ីទទួលបាន គឺនៅពេលនេះកងទ័ពដ៏មានឥទ្ធិពលរបស់រដ្ឋាភិបាលស៊ីរីបានដណ្តើមបានទីតាំងជាច្រើននៅព័ទ្ធជុំវិញទីក្រុងបុរាណ Palmyra ដ៏ល្បីល្បាញ និងឈានឆ្ពោះទៅក្រសោបយកទីក្រុងទាំងមូលពីកណ្តាប់ដៃក្រុមរដ្ឋអ៊ីស្លាម ISIS ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
មន្ត្រីយោធាស៊ីរី ដែលនៅកៀកនឹងមេបញ្ជាការកងទ័ពជួរមុខនៃទីក្រុង Palmyra បានបញ្ជាក់ប្រាប់ RT យ៉ាងដូច្នេះថា «កងទ័ពគាំទ្ររដ្ឋាភិបាលស៊ីរី បច្ចុប្បន្ននេះកំពុងតែគ្រប់គ្រងតំបន់ភ្នំយុទ្ធសាស្ត្រសំខាន់ៗ ដែលព័ទ្ធជុំវិញទីក្រុងបុរាណ Palmyra នោះហើយ។ ពួកគេកំពុងស្ថិតនៅក្នុងការប្រុងជើងការដ៏ល្អ ហើយនឹងឈានឆ្ពោះទៅគ្រប់គ្រងទីក្រុងនេះឲ្យបានតែម្តង»។
ងាកទៅមើលសារព័ត៌មានស៊ីរី SANA វិញបានចេញផ្សាយថា តំបន់មួយដែលគេហៅថាតំបន់ត្រីកោណ Palmyra ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងបុរាណមួយនេះ ត្រូវបានកងទ័ពរដ្ឋាភិបាលដណ្តើមគ្រប់គ្រងហើយ បន្ទាប់ពីការបើកប្រតិបត្តិការយោធាដ៏ក្តៅគគុក។ ការវាយប្រហារសង្គ្រប់យកតំបន់នោះបានបណ្តាលឲ្យកងកម្លាំង ISIS ជាច្រើនស្លាប់ និងរងរបួស ហើយក្រុមជំនាញស៊ីរីត្រូវបានដាក់ពង្រាយនៅតំបន់ដែលគេបានកាន់កាប់ឡើងវិញដើម្បីសម្អាតគ្រាប់បែក និងគ្រាប់មីនដែលកប់ក្នុងដី៕