(សេអ៊ូល)៖ ស្ថិតនៅក្នុងសមយុទ្ធរយៈពេលវែងដែលកំពុងតែប្រព្រឹត្តទៅរវាងសហរដ្ឋអាមរិក និងកូរ៉េខាងត្បូងនោះ សម្ព័ន្ធមិត្តទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះបានព្រមព្រៀងគ្នាបន្ថែមទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅស្វែងរកទណ្ឌកម្មឲ្យបានខ្លាំងក្លាជាងមុន ដើម្បីដាក់សម្ពាធទៅលើកូរ៉េខាងជើងជាការតបស្នងទៅនឹងអ្វីដែលអន្តរជាតិបានមើលឃើញថា កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលម្តងហើយម្តងទៀតផ្គើននឹងទណ្ឌកម្មពីអន្តរជាតិ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។
ការព្រមព្រៀងខាងលើនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកថ្មីលោក Steven Mnuchin និងរដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Yoo Il-ho ដោយភាគីទាំងពីរបានលើកឡើងពី «ការព្រួយបារម្ភខ្លាំងបំផុត» ចំពោះការធ្វើតេស្តមីស៊ីលឆ្លងទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីថ្ងៃទី១២ ខែកុម្ភៈ បើទោះបីជាទណ្ឌកម្មធ្ងន់ៗពីអង្គការសហប្រជាជាតិត្រូវបានដាក់ទៅលើប្រទេសដ៏ឯកោមួយនេះ ច្រើនដងរួចទៅហើយក៏ដោយ។
គួរបញ្ជាក់ថាក្រៅពីគំរោងស្វែងរកទណ្ឌកម្មបន្ថែម ដើម្បីដាក់បន្ទុកលើកូរ៉េខាងជើងនោះ រដ្ឋមន្ត្រីទាំងពីរក៏បានសន្យាបង្កើនកិច្ចពិភាក្សាបន្ថែមទៀតផងដែរ ទៅលើការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងជាងមុន ខណៈកូរ៉េខាងត្បូងក៏ខិតជិតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ឯសហរដ្ឋអាមេរិកក៏ទើបតែមានប្រធានាធិបតីថ្មីឡើងកាន់អំណាច ដែលបានចាត់ទុកប្រទេសអាស៊ីមួយនេះកាន់តែសំខាន់ជាងមុនទៀត៕