(ប៉ារីស)៖ បេក្ខភាពឈរឈ្មោះជាប្រធានាធិបតីបារាំងលោក Francois Fillon ត្រូវបានកោះហៅដោយអង្គចៅក្រម ដែលកំពុងធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថា រូបលោកបានផ្តល់ប្រាក់បៀវត្សរ៍ ទៅឲ្យសមាជិកគ្រួសារ ដែលពុំមានការងារពិតប្រាកដនៅក្នុងសភាឡើយនោះ។ នេះបើតាមសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានដកស្រង់ចេញពីសេចក្តីរាយការណ៍របស់សារព័ត៌មានបារាំង។
ជុំវិញបញ្ហានេះលោក Francois Fillon ធ្លាប់បានធ្វើការច្រានចោលការចោទ ខាងលើជាច្រើនលើកច្រើនសាមកហើយ និងបានបញ្ជាក់ថា ភរិយារបស់លោកគឺលោកស្រី Penelope Fillon បានទទួលប្រាក់បៀវត្សរ៍រាប់ម៉ឺនយូរ៉ូសម្រាប់ការងារត្រឹមត្រូវ និងពិតប្រាកដក្នុងនាមជាជំនួយការរបស់លោកផ្ទាល់នៅឯសភាជាតិបារាំង ទោះបីជាលោក Fillon បានទទួលស្គាល់ថា ការផ្តល់ការងារនេះទៅឲ្យភរិយាគឺជាការសម្រេចចិត្តខុសមួយយ៉ាងណាក្តី។
ការចោទប្រកាន់ក៏ដូចជារឿងអាស្រូវនេះដែលបានផ្ទុះឡើងកាលពីខែមករាកន្លងទៅមកម៉្លេះនោះ បានរុញច្រានយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់លោក Francois Fillon ធ្លាក់ទៅក្នុងវិបត្តិយ៉ាងជ្រៅរហូតនាំឲ្យ រូបលោកបាត់បង់តំណែងជាបេក្ខភាពប្រធានាធិបតីដែលមានប្រជាប្រិយភាពជាងគេថែមទៀតផង។
គួរបញ្ជាក់ដែរថា ក្រៅពីលោក Francois Fillon បេក្ខភាពប្រធានាធិបតីបារាំងដទៃៗទៀតផងដែរ ដែលកំពុងប្រឈមជាមួយនឹងបញ្ហារឿងអាស្រូវរួមមានលោកស្រី Marine Le Pen ដែលមានសមាជិកនៃគណបក្ស រណសិរ្សជាតិពាក់ព័ន្ធនឹងរឿងកិបកេងលុយថែមទៀតផង ខណៈប្រធានាធិបតី បារាំងបច្ចុប្បន្នលោក Francois Hollande ក៏មានបំណងចង់ឈរឈ្មោះមួយអាណត្តិទៀតផងដែរ ប៉ុន្តែលោកបានដឹងមុនថានឹងមិនអាចទទួលជោគជ័យនោះឡើយ៕