(ប៉េកាំង)៖ ជុំវិញការស្នើឲ្យអង្គការសហប្រជាជាតិ (UN) ព្យួរសមាជិកភាពរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីទទួលបានរបាយការណ៍ថា ទីក្រុងព្យុងយ៉ាងមានឃ្លាំងស្តុកអាវុធគីមីប្រឆាំងច្បាប់អន្តរជាតិ ចំនួនពី ២,៥០០តោន ទៅ៥,០០០តោននោះ ទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តបានចេញមុខអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ចំពោះកូរ៉េខាងជើង ដើម្បីកុំឲ្យបញ្ហាកាន់តែធំជាងនេះ។ នេះបើតាមការដកស្រង់ការផ្សាយនៅមុននេះបន្តិចពី Channel News Asia នារសៀល ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
កូរ៉េខាងត្បូងធ្វើការចោទប្រកាន់កូរ៉េខាងជើងខាងលើនេះ គឺមានជាប់ពាក់ព័ន្ធនឹងសារធាតុគីមី VX ដែលក្រុមជំនាញម៉ាឡេស៊ីអះអាងថា ជាសារធាតុពុលដ៏អាក្រក់ត្រូវបានយកចេញពីអាវុធគីមី ដែលជនសង្ស័យកូរ៉េខាងជើងប្រើប្រាស់ដើម្បីបំពុលលោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងរហូតដល់ស្លាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ រហូតមកដល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ីបានកំណត់ជនសង្ស័យដែលត្រូវចាប់ខ្លួនក្នុងករណីឃាតកម្មលើលោក គីម ចំនួន០៨នាក់ (សុទ្ធសឹងតែជាជនជាតិកូរ៉េខាងជើង រួមទាំងមន្ត្រីទូត) ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈស្ថានទូតប្រចាំទីក្រុងគូឡាឡាំពួរ បានចេញមុខបដិសេធអំពីការជាប់ពាក់ព័ន្ធ និងបន្តមិនទទួលស្គាល់ជនរងគ្រោះថាជាលោក គីម ជុងណាំ នោះឡើយ។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយនឹងសំនួរថាតើកូរ៉េខាងជើងគួរដកសមាជិកភាពនៅ UN ឬក៏អត់នោះយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំត្រូវតែនិយាយពេលនេះ គឺស្ថានការណ៍នាពេលបច្ចុប្បន្នក្នុងតំបន់ឧបទ្វីបកូរ៉េកំពុងតែស្មុគស្មាញ និងផុយស្រួយ។ ក្នុងស្ថានភាពបែបនេះ យើងសង្ឃឹមថាគ្រប់គ្នានឹងរក្សាការអត់ធ្មត់កម្រិតខ្ពស់បំផុត និងមិនត្រូវរុកគួនគ្នាដែលបង្កឲ្យបញ្ហាតានតឹងកាន់តែរីកធំឡើងនៅក្នុងតំបន់នោះឡើយ»៕