(ប៉េកាំង)៖ ចិន និងរុស្ស៊ីបានជំរុញជាថ្មីម្ដងទៀតឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងលុបចោលការគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើឧទ្វីបកូរ៉េ ខណៈក្រុមហ៊ុន Lotte Group និងរដ្ឋាភិបាលទីក្រុងសេអ៊ូលបានឈានដល់កិច្ចព្រមព្រៀងដោះដូរដីសម្រាប់ដាក់ពង្រាយ THAAD ដែលគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
សេចក្ដីថ្លែងការណ៍ខាងលើធ្វើឡើងបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់ចិន និងរុស្ស៊ីបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងយ៉ាងដូច្នេះថា «ភាគីទំាងពីរ (ចិននិងរុស្ស៊ី) បានអះអាងជាថ្មីពីក្ដីព្រួយបារម្ភយ៉ាងក្រៃលែង និងជំទាស់យ៉ាងខ្លាំងចំពោះគំរោងដាក់ពង្រាយ THAAD ពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ដូច្នេះភាគីទំាងពីរជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ទទួលយកការព្រួយបារម្ភ និងហេតុផលដ៏សមស្របពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ព្រមទំាងកុំបំផ្លាញផលប្រយោជន៍ចិននិងរុស្ស៊ី ក៏ដូចជាតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ ហើយត្រូវតែបញ្ឈប់គំរោងតម្លើង THAAD»។
គួរបញ្ជាក់ថាចិន និងរុស្ស៊ីក៏ធ្លាប់ព្រមានរួចហើយដែរថា ខ្លួននឹងចាត់វិធានការបើសិនជា THAAD ត្រូវបានតម្លើងនៅលើទឹកដីកូរ៉េខាងត្បូងមែននោះ បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អះអាងជាច្រើនដងថាប្រព័ន្ធការពារមីស៊ីលនេះ មានគោលដៅតែមួយគត់លើកូរ៉េខាងជើងក៏ដោយ៕