(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអវកាស SpaceX លោក Elon Musk នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានលាតត្រដាងអំពីគំរោងមហិច្ឆតាមួយសំដៅនាំយកភ្ញៀវទេសចរអវកាសឯកជនចំនួនពីរនាក់ ទៅធ្វើដំណើរកម្សាន្តជុំវិញព្រះចន្ទនៅឆ្នាំ២០១៨ខាងមុខនេះ។ ព្រមពេលជាមួយគ្នាការបោះជំហាននេះទទួលបានការកោតសរសើរពីទីភ្នាក់ងារអវកាស NASA រួមជាមួយការក្រើនរំលឹកយ៉ាងច្បាស់មួយផងដែរថា NASA រំពឹងថា SpaceX នឹងបំពេញកាតព្វកិច្ចដទៃផ្សេងទៀតរបស់ខ្លួន ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងរឿងព្រះច័ន្ទ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសន្និសីទកាសែតមួយជាមួយក្រុមអ្នកសារព័ត៌មានលោក Elon Musk បាននិយាយថាក្រុមហ៊ុន SpaceX នឹងនាំយកមនុស្សចំនួនពីរនាក់ដែលបានបង់ថ្លៃធ្វើដំណើរទៅធ្វើការទស្សនាកម្សាន្តជុំវិញព្រះច័ន្ទ ដោយប្រើប្រាស់យានដឹកជញ្ជូន Dragon និងគ្រាប់រ៉ុក្កែតដ៏ធំសម្បើម Falcon Heavy ហើយឧបករណ៍ទាំងពីរនេះនឹងឆ្លងកាត់ការបង្ហោះសាកល្បងនៅចុងឆ្នាំ២០១៧នេះ។
បន្ទាប់ពីលឺដំណឹងនេះអង្គការ NASA បានចេញសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ទីភ្នាក់ងារអវកាស NASA សូមធ្វើការកោតសរសើរចំពោះដៃគូឧស្សាហកម្មរបស់ខ្លួន សម្រាប់ការវិវឌ្ឍឈានទៅមុខយ៉ាងរីកចម្រើនបែបនេះ ហើយយើងនឹងចូលរួមសហការកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយ SpaceX ដើម្បីធានាថាក្រុមហ៊ុននេះនឹងបំពេញកាតព្វកិច្ចនៃកិច្ចសន្យាក្នុងការត្រឡប់ទៅធ្វើការបញ្ជូន និងនាំយកអវកាសយានិក និងនៅតែបន្តដឹកជញ្ជូនគ្រឿងបរិក្ខាផ្គត់ផ្គង់ដោយជោគជ័យទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS ដូចដើមដដែល»។
ដោយឡែកនៅក្នុងគំរោងរបស់ក្រុមហ៊ុន SpaceX អ្នកដំណើរនឹងធ្វើទេសចរណ៍លើយានអវកាស Dragon ទៅវិញទៅមកនៅជុំវិញព្រះច័ន្ទ ដោយហោះឆ្វែលពីលើផ្ទៃដីរបស់វានៅរយៈចម្ងាយដ៏កកៀកបំផុតមួយ និងហោះចាកចេញពីចម្ងាយដល់ប្រមាណជា៦៥០,០០០គីឡូម៉ែត្រពីភពផែនដីនៅរយៈចម្ងាយដ៏ឆ្ងាយបំផុត ហើយដំណើរកម្សាន្តទាំងមូលគួរតែចំណាយពេលវេលាចំនួនប្រាំថ្ងៃ។
ក្រុមហ៊ុនឯកជន SpaceX មានជាប់កិច្ចសន្យាមួយតម្លៃ២.៦ពាន់លានដុល្លារជាមួយទីភ្នាក់ងារអវកាស NASA ស្តីពីការដឹកជញ្ជូនអ្នកអវកាសទៅនិងមកពីស្ថានីយ៍អវកាសអន្តរជាតិ ISS តាមរយៈការប្រើប្រាស់យានអវកាស Dragon និងគ្រាប់រ៉ុក្កែត Falcon 9 ដែលមានទំហំតូចជាងគ្រាប់រ៉ុក្កែត Falcon Heavy ដែលគ្រោងនឹងបង្ហោះទៅកាន់ព្រះច័ន្ទ។ ការហោះហើរទាំងនោះត្រូវបានឧបត្ថម្ភដោយកម្មវិធីរបស់អង្គការ NASA ហើយត្រូវបានរំពឹងថាចាប់ផ្តើមនៅឆ្នាំ២០១៨ ក៏ប៉ុន្តែសេចក្តីរាយការណ៍មួយនាពេលថ្មីៗនេះ មកពីការិយាល័យគណនេយ្យនៃរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថាការបញ្ជូនអវកាសយានិករបស់ NASA តាមយាន Dragon របស់ SpaceX ទំនងជានឹងត្រូវបានពន្យាពេលរហូតដល់ឆ្នាំ២០១៩។
ម៉្យាងវិញទៀតក្រុមហ៊ុន SpaceX ក៏តែងតែបានធ្វើការដឹកជញ្ជូនគ្រឿងបរិក្ខាផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS ចាប់តាំងពីឆ្នាំ២០១២ មកផងដែរនៅក្រោមកិច្ចសន្យាដាច់ដោយឡែកមួយផ្សេងទៀតជាមួយទីភ្នាក់ងារអវកាស NASA។ គួរបញ្ជាក់ថាលោក Elon Musk ដែលជា CEO របស់ SpaceX មិនបានបង្ហើបឲ្យដឹងថាអ្នកណាដែលបានទិញសំបុត្រដើម្បីទៅកម្សាន្តជុំវិញព្រះច័ន្ទនៅលើយាន Dragon ឬមួយក៏តម្លៃនៃការធ្វើដំណើរទេសចរណ៍នេះក្នុងម្នាក់នោះឡើយ៕