(ហ្សាការតា)៖ ព្រះចៅ Salman នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានយាងមក​ដល់រដ្ឋធានី​​ហ្សាការតា​នៃប្រទេស​ឥណ្ឌូណេស៊ីហើយ​នៅថ្ងៃពុធនេះ ខណៈដែល​ព្រះអង្គកំពុងស្ថិត​នៅក្នុងដំណើរ​ទស្សនកិច្ច​ដ៏គួរ​ឲ្យភ្ញាក់ផ្អើល​រយៈពេល ១ខែទូទាំង​ទ្វីបអាស៊ី។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia នារសៀល​ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

យន្តហោះ​របស់ព្រះចៅ Salman បានចុះចត​នៅអាកាសយានដ្ឋាន​យោធា នៃរដ្ឋធានី​ហ្សាការតា​​ក្រោម​ការ​ការពារ​សន្តិសុខយ៉ាងខ្លាំងក្លា​បំផុតពីអាជ្ញាធរ​ឥណ្ឌូណេស៊ី ដែលជាប្រទេសមូស្លីម​ធំជាងគេបំផុតលើលោក។ ដំណើរ​ទស្សនកិច្ច​របស់ព្រះអង្គ Salman នេះគឺមិន​ធ្លាប់មាននោះ​ឡើយ​នារយៈពេលជាង ៥ទសវត្សរ៍​មកនេះ​​ក្នុងនាមជាស្តេច​នៃមហាអំណាច​នៅពិភពអារ៉ាប់។ នៅល្ងាច​ថ្ងៃពុធនេះ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ​ វីដូដូ នឹងទទួល​ស្វាគមន៍ដំណើរ​យាងមកដល់​របស់ព្រះចៅ Salman។

ព្រះទីនាំង​នៃព្រះចៅ Salman ពីព្រលាន​យន្តហោះ​ត្រូវបានរៀបចំ​ឡើងដ៏ធំលើស​​សព្វដង ដោយក្នុងនោះ​ឥណ្ឌូណេស៊ី​បានរៀបចំ​មន្ត្រីសន្តិសុខ និងមន្ត្រីរដ្ឋាភិបាល​សរុបជិត ១,៥០០នាក់ឲ្យ​ហែរហម​ដំណើរ ហើយនឹង​ការរៀបចំពិធី​ទទួលដោយ​ប្រើប្រាស់រថយន្តទំនើបៗ ព្រមទាំងឧបករណ៍​ពិធីការ​ដ៏ប្រណិតៗ​ថែម​ទៀត ដើម្បីឲ្យ​សាកសមទៅនឹងកិត្តិយស​នៃប្រទេសធំជាងគេ​ប្រចាំតំបន់​អាស៊ាន​មួយនេះ។

គួរបញ្ជាក់ថា​ប្រទេស​ទាំងពីរ ឥណ្ឌូណេស៊ី-អារ៉ាប៊ី សាអូឌីត គ្រោងនឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សហការកម្ចាត់​អំពើភេរវកម្ម។ នៅអំឡុងពេល​ដែលព្រះចៅ Salman បំពេញទស្សនកិច្ច​នៅឥណ្ឌូណេស៊ី​រយៈពេល១២ថ្ងៃនេះ សន្តិសុខមាន​ការរឹតបន្តឹងខ្លាំង ខណៈការវាយ​ប្រហារដោយបំផ្ទុះ​គ្រាប់បែកកាលពី​ប៉ុន្មានថ្ងៃមុន​ព្រះអង្គយាងមកដល់​ឥណ្ឌូណេស៊ី ត្រូវបានអាជ្ញាធរ​ប្រទេសអាស៊ាន​មួយនេះ​​អះអាងថា ជាទង្វើ​នៃបណ្តាញក្រុម​រដ្ឋអ៊ីស្លាម ISIS៕