(វ៉ាស៊ីនតោន)៖ បទបញ្ជាថ្មីនៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍អាចនឹងដកប្រទេសអ៊ីរ៉ាក់ចេញពីបញ្ជីឈ្មោះ នៃបណ្ដាប្រទេសម៉ូស្លីមភាគច្រើន ដែលប្រជាជនរបស់ពួកគេត្រូវបានហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
យោងតាម AP ក្រុមមន្ត្រីអាមេរិក០៤នាក់ បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីមានការដាក់សម្ពាធពីសំណាក់មន្ទីរបញ្ចកោណ និងក្រសួងការបរទេស ដែលជំរុញឱ្យសេតវិមានពិចារណាឡើងវិញចំពោះការបញ្ចូលអ៊ីរ៉ាក់ ទៅក្នុងបញ្ជីឈ្មោះនៃបណ្ដាប្រទេស ម៉ូស្លីមជាប់បម្រាមចំនួន០៧ ត្បិតទីក្រុងបាកដាដ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាថ្មីស្ដីពីជនអន្តោប្រវេសន៍នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ខណៈបទបញ្ជាចាស់ត្រូវបានរាំងខ្ទប់ដោយតុលាការសហព័ន្ធអាមេរិក៕