(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងកោតសរសើរ និងស្ញប់ស្ញែងចំពោះមោទនភាពជាតិថ្មីដែលកំពុងផុសចេញជារូបរាងឡើង នៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកទៅកាន់សភាជាតិអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ហើយនាឱកាសនោះលោកប្រធានាធិបតី ក៏បានជំរុញឲ្យមានការរឹតបន្តឹងបន្ថែមទៅលើកបញ្ហាអន្តោប្រវេសន៍ ដែលជាកត្តាដ៏សំខាន់សម្រាប់ធានាឲ្យបាននូវការងារក៏ដូចជាសន្តិសុខនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
ក្នុងអំឡុងរយៈពេល៤០ថ្ងៃដំបូងនៅសេតវិមានប្រធានាធិបតីអាមេរិកថ្មីរូបនេះបានផ្តោតការយកចិត្តដាក់សំខាន់ទៅលើការសន្យារបស់លោកដែលថានឹងគិតគូរអំពីផលប្រយោជន៍របស់ប្រជាជាតិអាមេរិកមុនគេបង្អស់ តែលោក ដូណាល់ ត្រាំ ពុំទាន់បានប្រែក្លាយចក្ខុវិស័យប្រជានិយមរបស់លោកឲ្យទៅជាធាតុពិតជាក់ស្តែងតាមនីតិវិធីច្បាប់នៅឡើយទេ។ ក៏ប៉ុន្តែនៅពេលនេះលោក ត្រាំ បានធ្វើដំណើរទៅកាន់វិមានកាពីតូល (Capitol Hill) ដើម្បីធ្វើការកោតសរសើរចំពោះមោទនភាពជាតិថ្មី និងអំពាវនាវឲ្យសមាជិកសភាទាំងអស់ចូលរួមសាមគ្គីក៏ដូចជាគាំទ្រគំរោងរបស់លោក ក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបទបញ្ញតិនៃវិស័យឧស្សាហកម្ម រួមទាំងពន្ធផងដែរ។
លោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា «ទំព័រប្រវត្តិសាស្រ្តដ៏ថ្មីសន្លាងមួយនៃភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមបើកហើយនាពេលនេះ... មោទនភាពជាតិថ្មីក៏កំពុងតែរីកសាយភាពយទូទាំងប្រជាជាតិរបស់យើងថែមទៀតផង ហើយការកើនឡើងថ្មីនៃភាពសុទិដ្ឋិនិយមកំពុងតែដាក់ក្តីស្រមៃដែលទំនងជាមិនអាចទៅរួចនានានៅក្នុងដៃរបស់យើងយ៉ាងរឹងមាំ»។ បន្ថែមពីនេះលោក ត្រាំ បានសន្យាទៀតថានឹងសន្សំសំចៃថវិកាឲ្យបានរាប់ពាន់លានដុល្លារតាមរយៈការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍។
គួរបញ្ជាក់ថាយោងតាមសម្តីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍គឺជាកត្តាដ៏ចម្បងដើម្បីជំរុញភាពមានការងារធ្វើក៏ដូចជាប្រាក់បៀវត្សរ៍របស់ប្រជាជនអាមេរិក ហើយជួយកាត់បន្ថយឧក្រិដ្ឋកម្ម។ ប៉ុន្តែព្រមពេលជាមួយគ្នាលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងបង្កើតប្រព័ន្ធអន្តោប្រវេសន៍ថ្មីមួយដែលផ្អែកលើចំណេះដឹង ដើម្បីដាក់កម្រិតលើជនអន្តោប្រវេសន៍ថ្មីដែលមកកាន់ទឹកដីអាមេរិក និងកាត់បន្ថយការហូរចូលនៃពលករដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់។ លោក ត្រាំ បានគូសបញ្ជាក់ថាប្រព័ន្ធអន្តោប្រវេសន៍ដូចប្រទេសអូស្រ្តាលីនឹងអាចសន្សំសំចៃថវិកាជាច្រើនរាប់មិនអស់ និងដំឡើងប្រាក់ឈ្នួលរបស់ពលករ ព្រមទាំងជួយគ្រួសារជួបទុក្ខលំបាកដោយរួមបញ្ចូលទាំងក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍ឲ្យមានជីវភាពធូរធារជាងមុន៕