(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូ លោក អែនរីក ផេណា នាតូ (Enrique Pena Nieto) បានប្រាប់ឱ្យអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិក លោក ហ្គេរ៉ូនីម៉ូ ហ្គូទ្យែរ៉េស ហ្វែណាន់ដែស (Geronimo Gutierrez Fernandez) ប្រើប្រាស់សមត្ថភាព និងលទ្ធភាពរបស់ខ្លួនស្ដារ និងបង្កើតទំនាក់ទំនងថ្មីជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
យោងតាមសេក្ដីថ្លែងការណ៍ចេញផ្សាយដោយខុទ្ទកាល័យប្រធានាធិបតី នៅក្នុងជំនួបជាមួយ លោក ផេណា នាតូ លោក ហ្វែណាន់ដែស បានផ្ដោតសំខាន់លើផលប្រយោជន៍ និងការគោរពសិទ្ធិប្រជាជនម៉ិចស៊ីកូ នៅក្នុងសហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខនឹងការបណ្ដេញចេញមកកាន់ម៉ិចស៊ីកូវិញ អនុឡោមតាម បទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំស្ដីពីជនអន្តោប្រវេសន៍ខុសច្បាប់។
ការតែងតំាងលោក ហ្វែណាន់ដែស ជាអគ្គរដ្ឋទូតថ្មីប្រចាំទីក្រុងវ៉ាស៊ីនតោន ធ្វើឡើង នៅចំពេលដែលសហរដ្ឋអាមេរិក និងម៉ិចស៊ីកូកំពុងមានភាពតានតឹងគ្នាផ្នែកការទូតដោយសារតែរឿង លោក ត្រាំ ឱ្យរដ្ឋាភិបាលម៉ិចស៊ីកូចេញលុយសាងសង់ជញ្ជាំងនៅតាមតំបន់មួយចំនួននៃបណ្ដាយព្រំដែនរវាងប្រទេសទំាងពីរ តាមរយៈការអនុវត្តន៍ពន្ធ២០ភាគរយលើការនាំចូលរបស់ម៉ិចស៊ីកូ។ គួរបញ្ជាក់ថាលោក ហ្វែណាន់ដែស ធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦៕