(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​នៃសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បានបញ្ជាក់​ពីជំហរគាំទ្រ​យ៉ាងពេញ​ទំហឹងរបស់​លោក​ចំពោះ​អង្គការ NATO ប៉ុន្តែលោក​ក៏មិនភ្លេចបញ្ជាក់​ពីជំហរឥតងាករេ​មួយទៀត​ផងដែរ នោះគឺការ​អំពាវនាវឲ្យ​សមាជិក​ទាំងអស់ ជួយបំពេញ​កាតព្វកិច្ច​លើការចំណាយ ដើម្បីសុវត្ថិភាព​របស់ពួកគេ​រៀងៗខ្លួន។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

ការថ្លែងបញ្ជាក់​របស់លោក ដូណាល់ ត្រាំ ខាងលើនេះ​បានធ្វើឡើងនៅ​ក្នុងវិមាន​កាពីតូល (វិមានសភា Capital Hill) កណ្តាល​រដ្ឋធានី​វ៉ាស៊ីនតោន ទីដែលលោក​បាននិងកំពុងធ្វើ​សេចក្តីថ្លែងសារ​ជាលើកដំបូង​ចំពោះមុខ​ក្រសែភ្នែក​ប្រជាជនអាមេរិក​គ្រប់រូប។ សម្រាប់ការ​ទាមទារ​របស់​លោក ត្រាំ ខាងលើនេះ​ក៏បាន​បង្កជា​ការព្រួយបារម្ភ​រួចទៅហើយ​ផងដែរ សម្រាប់​ប្រទេសជា​សមាជិកអង្គការ NATO ទាំង ២៧ផ្សេង​ទៀតជាពិសេសប្រទេសធំៗដែលនឹងមានការចំណាយច្រើនដូចជា អាល្លឺម៉ង់​ជាដើម។

គួរបញ្ជាក់ថា​បច្ចុប្បន្ននេះ បណ្តាប្រទេស​ជាសមាជិក​អង្គការ NATO ជាពិសេស​នៅតាមតំបន់​ជាប់ព្រំដែន​រុស្ស៊ី ហាក់កាន់​តែទទួលរង​សម្ពាធខ្លាំង​ឡើងៗ ដោយសារ​តែការបង្កើន​វត្តមាន​យោធា និងភាពតានតឹង​ជាមួយនឹង​ប្រទេសរុស្ស៊ី។ កងទ័ព​អាមេរិក សព្វាវុធ និងកងទ័ព​សម្ព័ន្ធមិត្តផ្សេងៗទៀត​​ត្រូវបានដាក់​ឲ្យ​ហ្វឹកហ្វឺន​រួចមកហើយ​នៅតំបន់ព្រំដែន​អឺរ៉ុបខាងកើត ដើម្បីតទល់​នឹងការបង្កើន​ឥទ្ធិពលដូចគ្នា​ពីសំណាក់រុស្ស៊ី ខណៈដែល​ជម្លោះនៅ​ភាគខាងកើត​អ៊ុយក្រែន ក៏មិនទាន់​មានការដោះស្រាយ​នៅឡើយ៕