(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនទទួលស្គាល់ឡើយ រាល់ការសម្រេចចិត្តនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ទីក្រុងប៉េកាំង ដែលប្ដឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រាប់ការរាំងខ្ទប់សំណើ ដែលចិនចង់ឱ្យគេចាត់ទុកខ្លួន ថាជា «ប្រទេសសេដ្ឋកិច្ចទីផ្សារ» អនុឡោមតាមច្បាប់ស្ថាប័នមួយនេះ។ ទីក្រុងវ៉ាស៊ីនតោនកំពុងមើលឃើញថា ការសម្រេចចិត្តរបស់ WTO គឺប្រឆាំងនឹងដែនអធិបតេយ្យភាពអាមេរិក។ នេះបើតាមសារព័ត៌មាន Financial Times ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
យោងតាម Financial Times សេចក្ដីព្រាងរបាយការណ៍មួយនៃក្រុមមន្ត្រីសេតវិមាននឹងត្រូវបញ្ជូនទៅកាន់សភាអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ។ របាយការណ៍ នេះដដែលបានឱ្យដឹងទៀតថា «ចាប់តាំងពីសហរដ្ឋអាមេរិកបានទទួលឯករាជ្យ មូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រទេសរបស់យើង នោះគឺថាប្រជាជនអាមេរិក ត្រូវដាក់ឱ្យនៅក្រោមការអនុវត្ដន៍ច្បាប់ ឬបទបញ្ញតិរបស់រដ្ឋាភិបាលអាមេរិកតែមួយប៉ុណ្ណោះ ពោលមិនមែនអាស្រ័យទៅលើការសម្រេចចិត្តពីរដ្ឋាភិបាល បរទេស ឬអង្គការស្ថាប័នអន្តរជាតិណាមួយជាដាច់ខាត។ ដូច្នេះរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងការពារដែនអធិបតេយ្យភាពអាមេរិក ទាក់ទិននឹងបញ្ហាគោលនយោបាយពាណិជ្ជកម្ម»។
គួរបញ្ជាក់ថាសភាអាមេរិកបានស្នើឱ្យលោក ត្រាំ ផ្ញើគោលនយោបាយពណិជ្ជកម្មប្រចាំឆ្នាំនៃរដ្ឋាភិបាលរបស់លោក នៅថ្ងៃទី០១ ខែមីនានេះ ដើម្បីទទួលការពិនិត្យនិងសម្រេច៕