(គូឡាឡាំពួរ)៖ ទីបំផុតស្ត្រីជនជាតិវៀតណាមមួយរូប និងឥណ្ឌូណេស៊ីមួយរូបដែលត្រូវបានអាជ្ញាធរប៉ូលិសម៉ាឡេស៊ីចាប់ឃុំខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មលើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នោះត្រូវបានតុលាការម៉ាឡេស៊ី សម្រេចធ្វើការចោទប្រកាន់ជនទាំងពីររូបនេះជាផ្លូវការហើយ លើករណីឃាតកម្មយោងតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
ស្រ្តីជនជាតិឥណ្ឌូណេស៊ីឈ្មោះ Siti Aisyah វ័យ២៥ឆ្នាំ និងស្រ្តីជនជាតិវៀតណាមឈ្មោះ Doan Thi Huong វ័យ២៨ឆ្នាំបានបង្ហាញខ្លួននៅ ចំពោះមុខតុលាការប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ ហើយពួកគេទាំងពីរត្រូវបានចោទប្រកាន់ជាផ្លូវការ រួមជាមួយនិងជនជាតិកូរ៉េខាងជើងចំនួនបួននាក់ផ្សេងទៀតដែលមិនទាន់ចាប់ខ្លួនបាននៅឡើយ បន្ទាប់ពីរត់គេចខ្លួនពីម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយជនសង្ស័យទាំងអស់នេះអាចប្រឈមនឹងទោសប្រហារជីវិត បើសិនជាត្រូវបានតុលាការរកឃើញថាមានទោសប្រាកដមែននោះ។
គួរបញ្ជាក់ថាយោងតាមអាជ្ញាធរម៉ាឡេស៊ីលោក គីម ជុងណាំ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានស្រ្តីសង្ស័យទាំងពីរនាក់ខាងលើលួចធ្វើឃាតតាមរយៈការប្រើប្រាស់សារធាតុគីមីពុលដ៏ខ្លាំងក្លាម៉្យាងហៅថា VX យកទៅលាបលើផ្ទៃមុខរបស់លោក គីម។ យ៉ាងណាមិញបើតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនផ្សេងទៀតស្រ្តីទាំងពីរបានឲ្យដឹងថា ពួកគេស្មានថាពួកគេទាំងពីរនាក់កំពុងចូលរួមលេងក្នុងកម្មវិធីកំប្លែងកម្សាន្តមួយប៉ុណ្ណោះ ដោយគិតថាសារធាតុគីមីពុលនោះគឺជាប្រេងសម្រាប់លាបលើកូនក្មេង៕