(សេអ៊ូល)៖ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Foal Eagle បានចាប់ផ្ដើមហើយនៅថ្ងៃពុធនេះ ដោយវានឹងត្រូវចំណាយពេលដល់ទៅជាងពីរខែឯណោះ ជាមួយនឹងការចល័តនាវាដឹកយន្ដហោះ USS Carl Vinson និងអាវុធយុទ្ធសាស្ត្រជាច្រើននៃប្រទេសទំាងពីរបើទោះបីជាកំពុងមានភាពតានតឹង និងការព្រមានពីកូរ៉េខាងជើងក៏ដោយ។ នេះបើតាមការដកស្រង់ព័ត៌មានសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ ធ្វើឡើងស្របពេលស្ថានភាពនៅក្នុងឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលផ្លោង កាលពីថ្ងៃទី១២ ខែកុម្ភៈព្រមទំាងព្រមានធ្វើការឆ្លើយតបដោយកម្លំាងយោធាសងសឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ យោងតាមមន្ត្រីយោធាកូរ៉េខាងត្បូង សមយុទ្ធយោធា Foal Eagle មានរយៈពេលពីរដោយរាប់ចាប់ពីថ្ងៃពុធនេះ រហូតដល់ដំណាច់ខែមេសា ក៏ប៉ុន្តែគេពុំទទួលបានការបញ្ជាក់អ្វីលម្អិត លើសពីនេះទៀតឡើយ។
គួរបញ្ជាក់ថាសមយុទ្ធយោធា Foal Eagle កាលពីឆ្នាំ២០១៦មានកងទ័ពអាមេរិក ១៧,០០០នាក់ និងកងទ័ពកូរ៉េខាងត្បូងច្រើនជាង ៣០០,០០០នាក់ចូលរួម។ បន្ថែមពីនេះរាល់ការធ្វើសមយុទ្ធយោធា របស់សម្ព័ន្ធមិត្តទំាងពីរតែងតែធ្វើកូរ៉េខាងជើងក្ដៅស្លឹកត្រចៀក និងព្រមានប្រើកម្លំាងយោធាវាយប្រហារ សងសឹក។ ជាក់ស្ដែងនៅព្រឹកថ្ងៃពុធនេះ ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើអធិការកិច្ចនៅឯទីបញ្ជាការយោធាដ៏ធំមួយ ដោយលោកថែមទាំងបានចេញបញ្ជាឱ្យយោធារបស់ខ្លួន ត្រូវបង្កើនការត្រៀមខ្លួនដើម្បីប្រយុទ្ធទៀតផង ត្បិតសម្រាប់ទីក្រុងព្យុងយ៉ាង ការធ្វើសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន គឺជាសកម្មភាពត្រៀមវាយលុកចូលកូរ៉េខាងជើង៕