(ហ្ស៊ឺណែវ)៖ ប្រទេសកូរ៉េខាងជើងបានចេញមុខទាត់ចោល នូវការចោទប្រកាន់ពីទីភ្នាក់នៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលថា ខ្លួនមានលាក់អាវុធគីមីចំនួនពី ២,៥០០តោន ទៅ៥,០០០តោន គឺវាមិនមែនជាការពិតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
លោក Ju Yong-chol តំណាងនៃបេសកកម្មរបស់ប្រទេសកូរ៉េខាងជើងប្រចាំសន្និសីទទីក្រុងហ្ស៊ឺណែវ បានធ្វើការអះអាងដូចខាងលើនេះ នៅចំពោះមុខអង្គប្រជុំដ៏ធំក្នុងទីក្រុងហ្ស៊ឺណែវនៅថ្ងៃអង្គារសប្តាហ៍នេះ។ ការចោទប្រកាន់កូរ៉េខាងជើងបែបនេះ គឺមានជាប់ពាក់ព័ន្ធនឹងសារធាតុគីមី VX ដែលក្រុមជំនាញម៉ាឡេស៊ីអះអាងថាជាសារធាតុពុលដ៏អាក្រក់ត្រូវបានយកចេញពីអាវុធគីមី ដែលជនសង្ស័យកូរ៉េខាងជើងប្រើប្រាស់ដើម្បីបំពុលលោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងរហូតដល់ស្លាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។
លោក Ju បានអះអាងនៅមុខអង្គប្រជុំយ៉ាងដូច្នេះថា «ប្រទេសកូរ៉េខាងជើងមិនដែលផលិត ឬស្តុក ឬក៏ប្រើប្រាស់អាវុធគីមីនោះឡើយ ហើយយើងពិតជាស្អាតស្អំក្នុងរឿងនេះ»។ តំណាងទីក្រុព្យុងយ៉ាងរូបនេះក៏បានទាត់ចោលផងដែរ ចំពោះការទាមទាររបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ដែលចង់ឲ្យមានការព្យួរសមាជិកភាពរបស់កូរ៉េខាងជើងនៅអង្គការសហប្រជាជាតិនោះ។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ីបានកំណត់ជនសង្ស័យដែលត្រូវចាប់ខ្លួនក្នុងករណីឃាតកម្មលើលោក គីម ចំនួន០៨នាក់ (សុទ្ធសឹងតែជាជនជាតិកូរ៉េខាងជើង រួមទាំងមន្ត្រីទូត) ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈស្ថានទូតប្រចាំទីក្រុងគូឡាឡាំពួរ បានចេញមុខបដិសេធអំពីការជាប់ពាក់ព័ន្ធ និងបន្តមិនទទួលស្គាល់ជនរងគ្រោះថាជាលោក គីម ជុងណាំ នោះឡើយ៕