(ញូយ៉ក)៖ ប្រទេសរុស្ស៊ី និងចិនបានប្រើសិទ្ធិជំទាស់ ឬវ៉េតូលើដំណោះស្រាយយូអិន គាំទ្រដោយមហាអំណាចលោកខាងលិច ស្ដីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ីរី សម្រាប់ការប្រើប្រាស់អាវុធគីមី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
វិធានការណ៍ទណ្ឌកម្មខាងលើរៀបរៀងឡើងដោយ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក បានទទួលការគាំទ្រ ០៩សំឡេងនៅក្នុងការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ខណៈចិន រុស្ស៊ី និងបូលីវីបានជំទាស់ ឬវ៉េតូ រីឯកាហ្សាក់ស្ថាន អេត្យូពី និងអេហ្ស៊ីប បានបោះឆ្នោតអនុប្បវាទ។
ដោយឡែកជុំវិញការជំទាស់នេះដែរ អគ្គរដ្ឋទូតអាមេរិកប្រចំាយូអិនលោកស្រី Nikki Haley បានសម្ដែងការសោកស្ដាយដោយលើកឡើងថា «ដំណោះស្រាយដាក់ទណ្ឌកម្មនេះ ពិតជាសមរម្យជាទីបំផុត។ ប៉ុន្តែថ្ងៃនេះជាពេលវេលាដ៏សោកសៅនៅក្រុមប្រឹក្សាសន្តិសុខ នៅពេលសមាជិកមួយចំនួនចាប់ផ្ដើមរកលេសសម្រាប់រដ្ឋជាសមាជិកដទៃ សម្លាប់ប្រជាជនរបស់ខ្លួនឯង ដែលនេះអាចបញ្ជាក់ថាពិភពលោកកាន់តែមានគ្រោះថ្នាក់»។
គួរបញ្ជាក់ថាផ្អែកលើដំណោះស្រាយរបស់ អង់គ្លេស បារំាង និងសហរដ្ឋអាមេរិកមេបញ្ជាការយោធាស៊ីរី១១រូប និងអង្គភាពចំនួន១០ មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមីនៅចន្លោះឆ្នាំ២០១៤ និង២០១៥ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មយូអិន។ ប៉ុន្តែចិនជាពិសេសគឺរុស្ស៊ីតែម្តង បានប្រើសិទ្ធិវ៉េតូជាលើកទី០៧ ដើម្បីការពាររបបដឹកនាំស៊ីរីបច្ចុប្បន្នរបស់លោក បាស្សា អាល់ អាស្សាដ។ ម្យ៉ាងវិញទៀត មុននឹងមានការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយទុកជាមុនដែរថា ទីក្រុងម៉ូស្គូនឹងជំទាស់នឹងការដាក់ទណ្ឌកម្មប្រឆាំងស៊ីរី ត្បិតវានឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាសន្តិភាពក្នុងទីក្រុងហ្សឺណែវ៕