(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃអង្គារនេះ បានសម្ដែងការសោកស្ដាយ ក៏ដូចជាសុំទោស ចំពោះបរាជ័យ ក្នុងការជួយសង្រ្គោះ ជីវិតបុរសជាចំណាប់ខ្មាំងជនជាតិអាល្លឺម៉ង់ម្នាក់ ដែលត្រូវបានក្រុមឧទ្ទាមអាប៊ូសៃយ៉ាហ្វ (Abu Sayyaf) សម្លាប់ដោយ កាត់ក្បាល។ ក៏ប៉ុន្តែទន្ទឹមគ្នានោះលោកនៅ តែប្រកាន់គោលជំហរថាការបង់ប្រាក់លស់ចំណាប់ខ្មាំងមិនគួរត្រូវបានចំណាយជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ឌូតើតេ បានសូមទោស និងចូលរួមមរណៈទុក្ខ ដល់ក្រុមគ្រួសារសាច់ញ្ញាត្តិរបស់លោក ចូហ្គិន កាន្នើ (Jurgen Kantner) ។ លោក ឌូតើតេ លើកឡើងដូច្នេះថា៖ «យើងពិតជាសោកស្ដាយ តែយើងក៏បានប្រឹងប្រែងណាស់ដែរ ដើម្បីជួយរូបគាត់ (លោក កាន្នើ)។ យើងបាននៅទីនោះ រីឯ ប្រតិបត្តិការយោធាត្រូវបានធ្វើឡើងក្នុងរយៈពេលមួយដ៏យូរ។ ប៉ុន្តែយើងបានបរាជ័យ ហើយនេះជាអ្វីដែលយើង ត្រូវទទួលស្គាល់។ តែយ៉ាងណាក៏ដោយយើងនឹង មិនចំណាយប្រាក់លស់ចំណាប់ខ្មាំងទៅឱ្យក្រុមភេរវករនោះទេ ពីព្រោះថាបើយើងធ្វើដូច្នេះមែន នោះចំនួនជនរងគ្រោះនឹងមានកាន់តែច្រើន ហើយទង្វើសាហាវ ព្រៃផ្សៃបែបនេះនឹងគ្មានថ្ងៃបញ្ចប់នោះឡើយ»។
គួរបញ្ជាក់ថា លោក ចូហ្គិន កាន្នើ ត្រូវបានក្រុមឧទ្ទាមអាប៊ូសៃយ៉ាហ្វ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់ពង្រត់កាលពីឆ្នាំ២០១៦កន្លងទៅ ហើយក្រុមឧទ្ទាម មួយនេះ បានស្លាប់លោកចោលដោយកាត់ក្បាលកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន បន្ទាប់ពីពួកគេមិនបានទទួលប្រាក់ លស់ចំណាប់ខ្មាំងជាង ៦០០,០០០ដុល្លារតាម ការចង់បាន៕