(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានចែករំលែកបទសោធ ដ៏គួរឱ្យចាប់អារម្មណ៍ស្ដីពីសកម្មភាព របស់លោកនៅលើ ប្រព័ន្ធ Internet នៅក្នុងជំនួបមួយរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយក្រុមហ៊ុនឥណ្ឌា Sequoia Capital ដែលមានការិយាល័យនៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
នៅក្នុងជំនួបនោះដែរ ឆ្លើយតបនឹងសំណួរ របស់នាយក្រុមហ៊ុន Sequoia Capital លោក Shailendra Singh ពាក់ព័ន្ធនឹងចំណូលចិត្ត លោក លី សៀនឡុងបានថ្លែង ដូច្នេះថា៖ «ខ្ញុំតែងតែនៅមុខកុំព្យូទ័រ បើកមើលគេហទំព័រព័ត៌មានដូចជា BBC, New York Times, Straits Times, Channel News Asia ហើយខ្ញុំតែងតែមើលវា រាល់ពេលវេលា ដែលនេះឯងជាហេតុផលធ្វើឱ្យខ្ញុំឈប់មើលព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍។ បើសិនជាអ្នកចង់មើលព័ត៌មានខ្លីៗ អ្នកអាចមើលវាបានគ្រប់ពេលវេលា ព្រោះវាមានភាពងាយស្រួល»។
គួរបញ្ជាក់ថា ក្រៅតែការតាមដានព័ត៌មាន លោក លី សៀនឡុង នៅមានចំណុច៦យ៉ាងផ្សេងទៀត ដែលលោកចូលចិត្តនោះគឺ ការប្រើប្រាស់ Facebook និង Instagram, តាមដានព័ត៌មានតារាវិទ្យា, ចូលអាន Blog អ្នកគណិតវិទ្យា, ចូលទៅមើលគេហទំព័ររូបថត, អានសៀវភៅនៅលើ Online និងកម្មវិធី Google Earth, iTunes និង Spotify ជាដើម៕