(សេអ៊ូល)៖ បន្ទាប់ពីត្រូវសភាបោះឆ្នោតទម្លាក់ពីអំណាច នៅទីបំផុតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ក្នុងនាមជាជនសង្ស័យម្នាក់ នៅថ្ងៃអង្គារនេះ ខណៈក្រុមរដ្ឋអាជ្ញាពិសេស បានបញ្ចប់ការស៊ើបអង្កេត របស់ពួកគេលើសំណុំរឿងអាស្រូវពុករលួយនយោបាយឆយស៊ូនស៊ីល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមរដ្ឋអាជ្ញាពិសេសដឹកនាំដោយលោក ផាក យុនស៊ូ បានដាក់សង្ស័យលោកស្រី ផាក គឺនហេ ថាបានចូលរួមប្រព្រឹត្តអំពើពុករលួយជាមួយស្រ្ដីឈ្មោះឆយ ស៊ូន ស៊ីល ក្នុងទឹកប្រាក់ជាង ៣៦,៣លានដុល្លារ ហើយម្យ៉ាងវិញទៀត ដោយសារតែរឿងអាស្រូវនេះ លោកស្រីផាក ត្រូវបានសភាបោះឆ្នោទម្លាក់ពីអំណាច ដោយនៅ រង់ចាំតែការសម្រេចចិត្តពីតុលាការធម្មនុញ្ញប៉ុណ្ណោះ។ ក៏ប៉ុន្តែលោកស្រីផាក នឹងមិនត្រូវបានគេចោទប្រកាន់ជាផ្លូវការ ក្នុងពេលភ្លាមៗនោះទេ ក្រោមហេតុផលលោកស្រីនៅមានអភ័យឯកសិទ្ធិជាប្រធានាធិបតីនៅឡើយ។
គួរបញ្ជាក់ថា មនុស្សសរុប១៧នាក់ អាចនឹងត្រូវបានចោទប្រកាន់ជាផ្លូវការ នៅសំណុំរឿងឆយស៊ូនស៊ីល រីឯក្រុមរដ្ឋអាជ្ញាពិសេស គ្រោងនឹងធ្វើសន្និសិទសារព័ត៌ មានដើម្បីបញ្ជាក់ពីលទ្ធនៃការស៊ើបអង្កេតរយៈពេលបួនខែកន្លងមកនេះ នៅថ្ងៃទី៦ ខែមីនា៕