(គូឡាឡាំពួរ)៖ តំណាងជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើង បានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីហើយនៅថ្ងៃអង្គារនេះ ដើម្បីទាមទារឲ្យមានការប្រគល់សាកសពជនជាតិកូរ៉េខាងជើង (លោក គីម ជុងណាំ) ត្រឡប់ទៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាកូរ៉េខាងជើងមិនបានទទួលស្គាល់ថា អ្នកស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាលោក គីម ជុងណាំ បងប្រុសមេដឹកនាំកូរ៉េខាងជើងនោះឡើយ ប៉ុន្តែការមកទទួលសាកសពនេះ គឺទីក្រុងព្យុងយ៉ាងយោងទៅលើជនរងគ្រោះដែលបានកាន់លិខិតឆ្លងដែនកូរ៉េខាងជើង មានឈ្មោះ គីម ចុល (កូរ៉េខាងត្បូងអះអាងថា លោក គីម ជុងណាំ) ដែលរដ្ឋាភិបាលកូរ៉េខាងជើងមានកតព្វកិច្ចនាំសពត្រឡប់ទៅស្រុកកំណើតវិញ។
សម្រាប់បេសកជនខាងលើនេះគឺជាលោក Ri Tong Il ដែលធ្លាប់ជាអគ្គរដ្ឋទូតតំណាងកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ ដែលលោកមិនមែនត្រឹមតែមកដើម្បីទាមទារយកសពលោក គីម ជុងណាំ ទៅវិញនោះទេ ប៉ុន្តែលោកក៏នឹងធ្វើការពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលរងការប្រេះស្រាំយ៉ាងខ្លាំង ក្រោយមរណភាពរបស់លោក គីម ជុងណាំ នោះ៕