(ហាណូយ)៖ ពិធីលើកទង់ជ័យដ៏គគ្រិកគគ្រេងមួយ ត្រូវបានប្រារព្ធឡើងនាថ្ងៃអង្គារនេះសម្រាប់នាវាមុជទឹកចំនួនពីរគ្រឿងដែលទើបទទួលបាននាពេលថ្មីៗនេះ ក្នុងកំពង់ផែយោធាមួយកន្លែងរបស់កងពលតូចនាវាមុជទឹកលេខ១៨៩ ដែលស្ថិតនៅខេត្តតំបន់ឆ្នេរ Khanh Hoa ភាគកណ្តាលឈៀងខាងកើតនៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នាវាមុជទឹកទាំងពីរគ្រឿងខាងលើដែលមានឈ្មោះថា Da Nang និង Ba Ria-Vung Tua គឺជាចំនួនចុងក្រោយបង្អស់នៅក្នុងចំណោមនាវាមុជទឹកប្រភេទ Kilo ទាំង០៦គ្រឿងដែលវៀតណាមបានធ្វើការបញ្ជាទិញពីប្រទេសរុស្ស៊ី បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃជិតពីរពាន់លានដុល្លារសហរដ្ឋអាមេរិករវាងវៀតណាម និងរុស្ស៊ីកាលពីឆ្នាំ២០០៩។
ថ្លែងនៅក្នុងពិធីនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថាការទទួលបាននាវាមុជទឹកថ្មីនេះ បានផ្តល់ទំនុកចិត្តក៏ដូចជាការជឿជាក់យ៉ាងរឹងមាំថែមទៀតដល់ផែនការយុទ្ធសាស្រ្តរបស់ប្រទេស ដែលបានសំដៅពង្រឹងសមត្ថភាពការពារជាតិនៅតាមផ្ទៃសមុទ្រ និងជំរុញសមត្ថភាពកងទ័ពយោធាជើងទឹករបស់វៀតណាមមិនឲ្យចាញ់កងទ័ពជើងទឹកប្រទេសដទៃៗទៀតនៅក្នុងតំបន់ និងជុំវិញពិភពលោកនោះឡើយ។
គួរបញ្ជាក់ថាសរុបមកប្រទេសវៀតណាមបានទទួលនាវាមុជទឹកផលិតឡើងដោយរុស្ស៊ីចំនួន០៦គ្រឿងកាលពីខែមករា និងមីនា ឆ្នាំ២០១៤ ព្រមទាំងខែកុម្ភៈនិងមិថុនា ឆ្នាំ២០១៥ ក៏ដូចជាខែកុម្ភៈ ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧។ នាវាមុជទឹកនិមួយៗមានបណ្តោយប្រវែងជិត៧៤ម៉ែត្រ និងទម្ងន់ពី៣,០០០ទៅ៣,៩៥០តោន ហើយពួកវាមានសមត្ថភាពធ្វើប្រតិបត្តិការនៅក្នុងជម្រៅទឹកជាអតិបរមា៣០០ម៉ែត្រ ជាមួយនិងល្បឿនជាង៣០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកសហសេវិកចំនួន៥២នាក់បាន៕