(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាង​ហោចណាស់​ចំនួនបួននាក់​បានបង់ជីវិត និងពីរនាក់ផ្សេង​ទៀតបាន​ទទួលរង​របួស បន្ទាប់ពី​យន្តហោះខ្នាត​តូច​ធុន Cessna 310 មួយគ្រឿង បានធ្លាក់​ចំសង្កាត់មួយ​កន្លែងដែលស្ថិត​នៅភាគខាងកើត​នៃអាកាសយានដ្ឋាន​ទីក្រុង Riverside ក្នុងរដ្ឋកាលីហ្វរញ៉ា​​សហរដ្ឋអាមេរិក ហើយបាន​បណ្តាលឲ្យលំនៅឋាន​មួយចំនួន​ឆាបឆេះឡើង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនារសៀល​ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​អ្នកនាំពាក្យ​រដ្ឋបាល​អាកាសចរណ៍​​សហព័ន្ធ (FAA) លោក Ian Gregor យន្តហោះ​ខាងលើបាន​ធ្លាក់ទៅក្នុង​សង្កាត់​មួយ​​កន្លែង​សម្បូរ​​ដោយ​​ប្រជាជន​​រស់​នៅ នៅ​​ក្រោយ​​​ពេល​ហោះ​ចាក​ចេញ​ពី​​ព្រលាន​ Riverside ​បានតែ​​បន្តិចប៉ុណ្ណោះ​នៅ​តាម​ផ្លូវ​ធ្វើ​​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​​ទីក្រុង San Jose នៃ​រដ្ឋ​កាលីហ្វរ​ញ៉ា។  

នៅក្រោយហេតុការណ៍​គ្រោះថ្នាក់នេះ​ ជនដែលនៅរស់រាន​មានជីវិតម្នាក់​បានឲ្យដឹងថា មនុស្ស​​សរុប​ចំនួន​ប្រាំនាក់​បានធ្វើដំណើរ​នៅលើយន្ត​ហោះ​នោះ​ ដោយវិលត្រឡប់​មកពី​កន្លែងកម្សាន្ត Disney Land។ ដោយឡែក​មនុស្សពីរ​នាក់​ដែលបានរងរបួស​កំពុងទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ ខណៈក្រុម​ពន្លត់អគ្គីភ័យ​ប្រមាណជា៦០នាក់​កំពុងនៅបន្ត​តាមស្វែងរក​មនុស្សយ៉ាងតិច​ចំនួនពីរនាក់​ ដែលបាត់​ខ្លួនផ្សេង​ទៀត​ បន្ទាប់​ពីផ្ទះរបស់​ពួកគេត្រូវ​បានបំផ្លិចបំផ្លាញ​ដោយសារការ​ធ្លាក់យន្តហោះចំនេះ។

គួរបញ្ជាក់ថា​យោងតាមមន្រ្តី​ប៉ូលិសទីក្រុង Riverside លំនៅឋាន​ចំនួនពីរខ្នង​បានទទួលរង​ការបំផ្លាញនៅក្នុងហេតុការណ៍ខាងលើ រីឯប្រជា​ជន​​ដែលរស់នៅផ្ទះក្បែរៗ​នោះត្រូវបាន​ជម្លៀសខ្លួនចេញ​ ទៅកាន់ទីសុវត្ថិភាព ស្របពេលដែល​អាជ្ញាធរបាន​បិទតំបន់ជុំវិញកន្លែង​​កើត​ហេតុ​ជាបណ្តោះអាសន្ន​សិន ខណៈមូលហេតុ​នៃការណ៍ធ្លាក់យន្តហោះខ្នាត​តូចមួយគ្រឿងនេះ​ ពុំ​ទាន់ត្រូវបានគេដឹងច្បាស់​នៅឡើយទេ៕