(ដាកា)៖ តុលាការមួយនៅក្នុងស្រុក Rangpure នៃភាគពាយ័ព្យប្រទេសបង់ក្លាដែស នៅថ្ងៃអង្គារនេះ បានសម្រេចផ្ដន្ទាទោសប្រហាជីវិតក្រុមសកម្មប្រយុទ្ធ០៥នាក់ ពីបទឃាតកម្មលើបុរសជាជនជាតិជប៉ុនម្នាក់ កាលពីខែតុលា ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
តុលាការខាងលើស្ថិតនៅចំងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីដាកា បានចេញសាលក្រមសម្រេចនៅចំពោះមុខជនជាប់ចោទ០៤នាក់ ខណៈមនុស្សម្នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ក៏ត្រូវបានផ្ដន្ទទោសប្រហារជីវិតផងដែរ ហើយដែលអ្នកទាំង០៥នាក់នេះគឺជាសមាជិកក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Jama'atul Mujahideen Bangladesh(JMB)។ ទោះបីជាយ៉ាងក៏ដោយ តុលាការបានដោះលែងជនជាប់ចោទម្នាក់ នៅក្នុងសំណុំរឿងនេះដោយសារការចោទប្រកាន់មិនមានភស្ដុតាងគ្រប់គ្រាន់។
គួររំលឹកថាកាលពីខែតុលា ឆ្នាំ២០១៥ បុរសជាជាតិជប៉ុនម្នាក់ឈ្មោះ Hoshi Kunio មានអាយុ៦៦ឆ្នាំត្រូវបានខ្មាន់កាំភ្លើង០៣នាក់ មិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់នៅតាមផ្លូវធ្វើដំណើរទៅកាន់ចម្ការមួយក្នុងស្រុក Rangpure។ ចំណែកឯក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថាស្ថិតនៅពីក្រោយអំពើឃាតកម្មនេះ ក៏ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែសបានបដិសេធ ដោយអះអាងថាក្រុមខ្មាន់កាំភ្លើងទំាងនោះគឺជាសមាជិកក្រុមសកម្មប្រយុទ្ធ JMB៕