(តូក្យូ)៖ ព្រះចៅអធិរាជ​ជប៉ុនបានយាង​ចាកចេញ​ទៅកាន់​ប្រទេសវៀតណាមហើយ​នៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយ​ក្រុមគ្រួសារនាយទាហាន​ជប៉ុនដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយ​ព្រះបិតា​របស់ព្រះអង្គកាល​ពីជាង០៧ទសវត្សរ៍​កន្លងផុត​ទៅ​ នៅអំឡុងសង្រ្គាម​លោកលើក​ទី​ពីរ​។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅ​អាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ​ព្រះចៅអធិរាជ អាគីហីតុ បានមាន​ព្រះរាជបន្ទូលថា​យ៉ាងដូច្នេះថា «វាគឺជាក្តីបំណង​របស់យើង​ដែលថា ​ការបំពេញដំ​ណើរទស្សនកិច្ចទៅកាន់​ប្រទេស​វៀតណាម​នេះ នឹងបន្ត​ចូលរួម​ចំណែក​កាន់តែប្រសើរ​បន្ថែមទៀតទៅ​ក្នុងការអភិវឌ្ឍ​​នៃ​ការយោគយល់​ និងអធ្យាស្រ័យ​គ្នាទៅវិញ​ទៅមក ក៏ដូចជា​ទំនាក់ទំនង​ជាមិត្តភាព​រវាងប្រទេស​យើងទាំងពីរ»

យោងតាម​ទីភ្នាក់ងារ​ទទួលបន្ទុក​កិច្ចការ​ព្រះរាជវាំង ព្រះចៅ​អធិរាជជប៉ុន​ និងអគ្គមហេសី មីឈីកុ ត្រូវបាន​កំណត់ពេល​វេលាថា​ នឹងយាងទៅកាន់​​​រដ្ឋធានី​ហាណូយ និងទីក្រុង Hue។ ដោយឡែក​នៅថ្ងៃព្រហស្បត៍​សប្តាហ៍នេះ​ទ្រង់ទាំងពីរ​អង្គ នឹងយាងជួប​ជាមួយសមាជិក​នៃក្រុមគ្រួសារ​​របស់​ពល​ទាហានជប៉ុន​មួយចំនួន ដែលបាន​សម្រេចចិត្ត​តាំងទីលំនៅ​ក្នុងប្រទេស​វៀតណាម នៅក្រោយ​ការបញ្ចប់​សង្រ្គាមលោក​លើក​ទីពីរ។ ម៉្យាងវិញ​ទៀតនេះ​គឺជាដំណើរទស្សនកិច្ច​លើកទីមួយ​របស់ទ្រង់ទាំងពីរ​អង្គទៅកាន់​ប្រទេសអាស៊ាន​មួយនេះ។

គួរបញ្ជាក់ថា​បន្ទាប់ពី​ប្រទេស​វៀតណាម ព្រះចៅ​អធិរាជជប៉ុន អាគីហីតុ រួមទាំង​ព្រះអគ្គមហេសី នឹងយាង​ដំណើរបន្តឆ្ពោះ​ទៅកាន់ទីក្រុងបាងកក​​នៃប្រទេសថៃ​ទៀត​ នៅថ្ងៃអាទិត្យ​សប្តាហ៍ដដែល​នេះ ដើម្បីសម្តែង​ការស្វាគមន៍​ចំពោះព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែល​បាន​​ឡើង​គ្រងរាជ​នៅក្រោយ​កាលសោយទិវង្គតរបស់ព្រះបិតាទ្រង់គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ៕