(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិក បានយល់ព្រមបោះឆ្នោតអនុម័តហើយនៅថ្ងៃចន្ទ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ដោយទទួលស្គាល់លោក Wilbur Ross ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Wilbur Ross ត្រូវបានព្រឹទ្ធសភាអនុម័តតែងតាំងជារដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងសំឡេងគាំទ្រ៧២ ទល់នឹង២៧សំឡេង ជាមួយការគាំទ្រយ៉ាងច្រើនលើសលប់ពីក្រុមព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ។ លោក Ross នឹងត្រូវដើរតួនាទី ដើម្បីបង្កើតគោលនយោបាយពាណិជ្ជកម្ម និងការធ្វើកិច្ចចរចាពាណិជ្ជកម្មសម្រាប់រដ្ឋាភិបាលលោក ត្រាំ។
គួរបញ្ជាក់ថា លោក Wilbur Ross ក៏បានប្រាប់ព្រឹទ្ធសមាជិកអាមេរិកដែរថា ការចរចាឡើងវិញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង (NAFTA) គឺជាអាទិភាពមួយសម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ បុរសវ័យ៧៩ឆ្នាំបានបញ្ជាក់ថា លោកមិនមានបំណងធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសជាដៃគូណាមួយនោះទេ ព្រោះលោកមិនមែនជាមនុស្សប្រឆាំងនឹងការធ្វើពាណិជ្ជកម្ម៕