(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ចេញប្រតិកម្មឆ្លើយតបជាមួយកំហឹង និងការព្រមានធ្ងន់ៗ បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lotte Groupe របស់កូរ៉េខាងត្បូងបានឯកភាពលើកិច្ចព្រមព្រៀងលក់ទីតាំងវាយកូនហ្គោលទៅឲ្យរដ្ឋាភិបាលសម្រាប់ការដំឡើងប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុន Lotte បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើកិច្ចព្រមព្រៀងលក់ទីតំាងវាយកូនហ្គោលមួយកន្លែងស្ថិតនៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើងជាទីដែល THAAD នឹងត្រូវដាក់ពង្រាយសំដៅទប់ស្កាត់រាល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ រីឯនៅថ្ងៃអង្គារនេះក្រសួងការពារជាតិកូរ៉េខាងត្បូង និងក្រុមហ៊ុន Lotte Group បានចុះហត្ថលេខាជាផ្លូវការហើយនៅលើកិច្ចព្រមព្រៀងនេះ ខណៈប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក នឹងត្រូវដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧នេះតែម្តងដោយគ្មានការពន្យាពេលទៀតនោះឡើយ។
ជាការឆ្លើយតបទៅនឹងស្ថានការណ៍វិវឌ្ឍន៍ថ្មីនេះ សារព័ត៌មានរដ្ឋចិនដ៏មានឥទ្ធិពល Global Times បានសង្កត់ធ្ងន់ថា «យើងសូមស្នើដល់សង្គមជាតិចិនទាំងមូលថា គួរតែរួមគ្នាធ្វើការសម្របសម្រួលដោយស្ម័គ្រចិត្ត នៅក្នុងការពង្រីកការដាក់កំហិតទៅលើការនាំចេញផ្នែកទំនិញ វប្បធម៌ ក៏ដូចជាសិល្បៈកម្សាន្តផ្សេងៗរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសចិន»។ សារព័ត៌មានដដែលបានបន្ថែមទៀតថា រថយន្តនិងទូរស័ព្ទដៃ របស់កូរ៉េខាងត្បូងក៏គួរតែជាគោលដៅចំពោះការដាក់កម្រិតនេះផងដែរ ដោយមានរបស់ជាច្រើនផ្សេងទៀតដែលអាចជំនួសផលិតផលទាំងនេះរបស់កូរ៉េខាងត្បូងបាន។
ជាមួយគ្នានេះសារព័ត៌មាន People' Daily ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិនកាន់អំណាចដែរនោះ បានលើកឡើងថាការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏គួរតែយកមកពិចារណាផងដែរ ដោយបាននិយាយដូច្នេះថា «បើសិនជាប្រព័ន្ធ THAAD ពិតជាត្រូវដាក់ពង្រាយនៅកូរ៉េខាងត្បូងមែននោះ ចំណងទាក់ទងចិន-កូរ៉េខាងត្បូងនឹងប្រឈមជាមួយលទ្ធភាពនៃការត្រៀមខ្លួនកាត់ផ្តាច់ទំនាក់ទំនងការទូតជាក់ជាមិនខាន»។
គួរបញ្ជាក់ថាពីដើមមកប្រទេសចិនតែងតែបានប្រកាន់គោលជំហរជំទាស់យ៉ាងរឹងមាំចំពោះការដាក់ពង្រាយប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង ដោយសារតែប្រព័ន្ធរ៉ាដារបស់វា មានសមត្ថភាពជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទឹកដីរបស់ចិន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថាប្រការនេះគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយចំពោះសន្តិសុខជាតិរបស់ខ្លួន នឹងមិនអាចជួយធ្វើអ្វីបានដល់ការបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើងឡើយ៕