(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីរកវិធីសាស្ត្រល្អបំផុតក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព សេចក្ដីសម្រេចដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ចំពេលដែលមន្ត្រីជាន់ខ្ពស់ចិនបំពេញទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channe News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ជំនួបប្រជុំនៅក្នុងទីក្រុងវ៉ាស៊ីនតោននេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញយូអិនបានព្រមានថា ទីក្រុងព្យុងយ៉ាង បានរំលោភលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មដែលមានស្រាប់ ខណៈទីប្រឹក្សារដ្ឋចិនលោក យ៉ាង ជីឈី ជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់សេតវិមាន លើប្រធានបទដែលគេរំពឹងទុកនោះគឺបញ្ហាសមុទ្រចិនខាងត្បូង និងកូរ៉េខាងជើងតែម្ដង។
ដោយឡែកថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម មន្ត្រីជាន់ខ្ពស់សម្ព័ន្ធមិត្តទាំងបីបានថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង សម្រាប់ការរំលោភលើសេចក្ដីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខយូអិន ទាក់ទិននឹងការហាមឃាត់កម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ មិនតែប៉ុណ្ណោះពួកគេក៏បានអំពាវនាវផងដែរឱ្យប្រទេសដ៏ទៃៗទៀត បន្ថែមការដាក់សម្ពាធ ក៏ដូចជាអនុវត្តន៍យ៉ាងពេញនូវសេចក្ដីសម្រេចរបស់យូអិន។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានសម្រេចដាក់កំហិតលើការធ្វើអាជីវកម្មរ៉ែដែក និងធ្យូងថ្ម ព្រមទំាងហាមឃាត់ការនំាចូល រ៉ែទង់ដែង ប្រាក់ ស័ង្កសី និងនីកែលពីកូរ៉េខាងជើង។ រីឯចិនក៏ទើបតែបានហាមឃាត់ការនាំចូលធ្យូងថ្មពីទីក្រុងព្យុងយ៉ាងផងដែរ ហើយដែលការសម្រេចចិត្តបែបនេះ បើតាមទីភ្នាក់ងារស៊ើបការសម្ងាត់កូរ៉េខាងត្បូង អាចនឹងធ្វើឱ្យប្រជាជនកូរ៉េខាងជើងប្រមាណ ៣០០,០០០នាក់បាត់បង់ការងារ។ ទោះបីជាយ៉ាងណាការចង់ឱ្យចិនដាក់ ទណ្ឌកម្មបន្ថែមលើរបបដឹកនាំលោក គីម ជុងអ៊ុន ទំនងជាពិបាកណាស់ពីព្រោះទីក្រុងប៉េកាំង ខ្លាចក្រែងបង្កអស្ថេរភាពដល់សម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ជាពិសេសគឺវិបត្តិជនភៀសខ្លួននៅតាមតំបន់ព្រំដែន៕