(អាមេរិក)៖ មហិច្ឆតាដ៏ធំសម្បើមរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមលេខមួយលើពិភពលោក Facebook នៅក្នុងវិស័យបច្ចេកវិទ្យា Virtual Reality កំពុងតែប្រឈមមុខនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានក្រុមហ៊ុនមួយផ្សេងទៀតដាក់ពាក្យបណ្តឹង ពាក់ព័ន្ធនឹងបញ្ហាកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតហ្គេមឈ្មោះថា ZeniMax Media បានស្នើឲ្យចៅក្រមសហព័ន្ធនៃទីក្រុង Dallas ចេញដីកាហាមឃាត់ Oculus ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Facebook មិនឲ្យប្រើប្រាស់ក៏ដូចជាចែកចាយ Code ដែលកំពុងមានភាពចម្រូងចម្រាស ដោយវាគឺជាផ្នែកមួយនៃបរិក្ខាអភិវឌ្ឍន៍កម្មវិធី ដែលក្រុមហ៊ុន Oculus បានផ្តល់ឲ្យក្រុមហ៊ុនដទៃផ្សេងៗទៀតធ្វើការបង្កើតហ្គេមសម្រាប់ឧបករណ៍ Virtual Reality ឈ្មោះថា Rift VR របស់ខ្លួន។
គួរបញ្ជាក់ថាបើសេចក្តីបង្គាប់ត្រូវដាក់ចេញពិតមែនក្រុមហ៊ុន Oculus ដែលបានក្លាយជាកម្មសិទ្ធិរបស់ Facebook កាលពីឆ្នាំ២០១៤ក្នុងតម្លៃបីពាន់លានដុល្លារ នឹងតម្រូវឲ្យឈប់បន្តចែកចាយ Code ទៅកាន់ក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមនានា ឬមួយក៏ឈប់លក់ហ្គេមទាំងអស់នោះតទៅទៀត។ ដោយឡែកទោះបីជាសព្វថ្ងៃទីផ្សាររបស់បច្ចេកវិទ្យា Virtual Reality មានទំហំតូចនៅឡើយក្តី ប៉ុន្តែនៅប៉ុន្មានឆ្នាំខាងមុខវានឹងអាចូលរួមចំណែកយ៉ាងធំធេងនៅក្នុងចំណូលរបស់ក្រុមហ៊ុន Facebook៕