(វ៉ាស៊ីនតោន)៖ ផែនការព្រាងរបស់មន្ទីរបញ្ចកោណក្នុងការកម្ចាត់ក្រុម ISIS បានបញ្ជូនទៅដល់សេតវិមានហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រីការពារជាតិលោក ជែម ម៉ាតធីស (James Mattis) ត្រូវបានគេរំពឹងថានឹងធ្វើបទបង្ហាញពីផែនការនេះ ដល់ក្រុមមន្ត្រីជាន់ខ្ពស់របស់លោក។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ លោក ជែហ្វ ដាវីស (Jeff Davis) បានបញ្ជាក់ថា ផែនការរបស់មន្ទីរបញ្ចកោណ ធ្វើឡើងនៅ ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ នៅទូទាំងពិភពលោក មិនមែនផ្ដោតសំខាន់តែនៅក្នុងប្រទេសស៊ីរី ឬអ៊ីរ៉ាក់នោះទេហើយផែនការនេះនឹង កំណត់ពីនិយមន័យស្ដីពីការកម្ចាត់ក្រុម ISIS និងធ្វើយ៉ាងដូចម្ដេច ទើបអាចកម្ចាត់ក្រុមភេរវករមួយនេះឱ្យបានយ៉ាងឆាប់រហ័ស។ លោក ដាវីស បន្ថែមថាលោក ជែម ម៉ាតធីស នឹងពិភាក្សាពីផែនការនេះ អមជាមួយការពន្យល់តាមក្រាហ្វិចជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ។
គួរបញ្ជាក់ថាផែនការកម្ចាត់ក្រុម ISIS ខាងលើធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងដឹកនាំក្រុមចំរុះអន្តរជាតិជួយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីវាយយកដណ្ដើមទីក្រុង Mosul ពីពួកភេរវករនេះមកវិញ និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបរាជ័យក្នុងការគាំទ្រដល់ក្រុមប្រឆាំងស៊ីរី ដោយបណ្ដាយឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរីមានរុស្ស៊ីជាខ្នងបង្អែក វាយគ្រប់គ្រងទីក្រុងអាឡេប៉ូ៕