(គូឡាឡាំពួរ)៖ រឿងក្តីឃាតកម្មលើលោក គីម ជុងណាំ មិនទាន់ដោះស្រាយបានលទ្ធផលផងឥឡូវនេះបន្ថែមបញ្ហាមួយទៀតដែលពាក់ព័ន្ធកូរ៉េខាងជើងបន្ថែម នោះគឺករណីជួញដូរអាវុធខុសច្បាប់ ខណៈមេបញ្ជាការប៉ូលិសម៉ាឡេស៊ីបានថ្លែងនៅថ្ងៃអង្គារនេះថា កម្លាំងសមត្ថកិច្ចនៃប្រទេសរបស់លោកបានដឹងច្បាស់អំពីក្រុមហ៊ុនចំនួនពីរជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដែលបានធ្វើប្រតិបត្តិការជួញដូរអាវុធនៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក Khalid Abu Bakar កម្លាំងប៉ូលិសម៉ាឡេស៊ីកំពុងស្ថិតក្នុងដំណាក់កាលគ្រោងសម្រុកឆែកឆេរនិងបង្រ្កាប ក្រុមហ៊ុនទាំងពីរនោះដែលមានឈ្មោះថា International Global System និង International Golden Services ទៅហើយ។ លោកមេបញ្ជាការប៉ូលិសរូបនេះបានបញ្ជាក់ដូច្នេះថា «ពួកយើងក៏បានប្រើប្រាស់រាល់វិធានការដែលចាំបាច់ផងដែរ ដើម្បីឲ្យស្របទៅតាមក្បួនច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថានាថ្ងៃចន្ទម្សិលមិញនេះមានសេចក្តីរាយការណ៍ព័ត៌មានដែលបានយោងតាមរបាយការណ៍ព្រាងរបស់ UN ចេញផ្សាយថាទីភ្នាក់ងារចារកម្មកូរ៉េខាងជើងបានលួចធ្វើការជួញដូរអាវុធខុសច្បាប់ដោយយកម៉ាឡេស៊ីធ្វើជាមូលដ្ឋាន ហើយប្រការនេះគឺជាការរំលោភទៅនឹងទណ្ឌកម្មរបស់ UN៕